ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង ៖ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗទាំង៥៥២រូបចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិនិងប្រជាជន

28

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗទាំង៥៥២រូបចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ទាំងការ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យឱ្យមានកាតអភិវឌ្ឍរីកចំរើន ការដោះស្រាយបញ្ហាព្រំដែន និងការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ មិនរត់ចោលប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកឡើយ។

  ប្រសាសន៍លើកឡើងរបស់ឯកឧត្ដមឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព ២៨, សាខាគណបក្ស ភ.ព ២៩, និងបញ្ចូលសមាជិកគណបក្ស ចំនួន៥៥២រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអាទិត្យទី០៩ ខែសីហា ឆ្នាំ២០២៦នេះ នៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

  ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត។ ស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយមានសម្ដេចធិបតីហ៊ុន ម៉ាណែតជាអ្នកដឹកនាំបន្តវេនដើម្បីសម្រេចគោលដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០។

  ឯកឧត្ដមឃួង ស្រេង ក៏បានសូមឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” តាមរយៈការប្រកាន់យកនូវគោលជំហរដោះស្រាយដោយប្រើយន្តការច្បាប់អន្តរជាតិ និងការទូត សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាជន និងសង្គមជាតិទាំងមូល ហើយមកដល់ពេលនេះ យុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម”បានធ្វើឱ្យគគ្រើកលើឆាកអន្តរជាតិ ដោយបានធ្វើឱ្យអន្តរជាតិមើលឃើញច្បាស់ពីការរំលោភឈ្លានពានបូរណភាពទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។

  ឯកឧត្ដមឃួង ស្រេង សូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នារួមគ្នាឈរក្រោយសម្ដេចបវរធិបតីហ៊ុនម៉ាណែត សាមគ្គីគ្នាជាធ្លុងមួយ នោះប្រទេសកម្ពុជានឹងរឹងមាំ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរុងរឿងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង