ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ប៉ែន បូណា ៖លើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន រដ្ឋបាលរាជធានី ខណ្ឌ បន្តផ្សព្វផ្សាយព័ត៌មានពិត ឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ

58

ភ្នំពេញ៖ព័ត៌មានដែលធ្វើឱ្យប្រជាពលរដ្ឋ មហាជនចាប់អារម្មណ៍ខ្លាំង គឺជាព័ត៌មានដែលថ្មី ប្លែក និងទាក់ទាញ។ ពាក់ព័ន្ធនឹងព័ត៌មានកិច្ចប្រជុំ ធ្វើព័ត៌មានបែបពិធីការ មហាជនគេមិនយកភ្នែកមើលទេ ដែលទៀមទាឱ្យយើងបង្ហាញព័ត៌មាន ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន។

  នេះជាការលើកឡើងរបស់ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដមឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី “ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ” នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នៅសាលារាជធានីភ្នំពេញ ។

   ឯកឧត្ដម ប៉ែន បូណា បានមានប្រសាសន៍ថា៖ អ្វីដែលអង្គភាព ស្ថាប័នរដ្ឋមួយចំនួនបញ្ចេញព័ត៌មានមកភាគច្រើន ជាព័ត៌មានប្រជុំ និងព័ត៌មានពិធីការ ដោយបង្ហាញតែឈ្មោះដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋ ព័ត៌មានបែបនេះ មហាជន គាត់ស្គាល់និងបានដឹង និងស្គាល់ហើយគាត់មិនចង់មើលទៀតទេ។ អ្វីជាព័ត៌មាន ដែលយើងត្រូវបញ្ចេញនោះ គឺក្នុងកិច្ចប្រជុំនោះ មានអ្វីដែលថ្មី អ្វីដែលប្លែក មានអ្វីដែលជាការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

  ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ថា៖ រឿងល្អៗ ដែលយើងធ្វើ មិនទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសំរាប់រឿងអាក្រក់វិញ ងាយនឹងទទួលបានការចាប់អារម្មណ៍ណាស់ ដូចបក្សប្រឆាំងអញ្ចឹងដែរ ពួកគេតែងតែយករឿងអាក្រក់ រឿងអសកម្មរបស់យើងទៅផ្សព្វផ្សាយ ទាំងពួកគេមិនបានធ្វើអ្វីសោះក៏ទទួលបានផលដែរ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារនេះឱ្យលើសពួកគេ១០០ដង ទាំងប្រតិកម្មរហ័ស ការបំភ្លឺ និងបុរេសកម្ម។ អ្វីដែលជាភាពជាក់ស្តែងកាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើន បានជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ ពោលគឺប្រទេសកម្ពុជាមានការរីកចំរើន មានអគារខ្ពស់ៗកប់ពពក មិនចាញ់ប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ។

   ឯកឧត្ដម ប៉ែន បូណា ក្នុងឱកាសនោះ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន រដ្ឋបាលរាជធានី ខណ្ឌ បន្តផ្សព្វផ្សាយព័ត៌មានពិត ឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។

   ឯកឧត្ដម ប៉ែន បូណា បន្ថែមថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ទី១. បង្កើនការយល់ដឹងអំពីកិច្ចការអ្នកនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ទី២. ចែករំលែកបទពិសោធន៍ក្នុងការងារអ្នកនាំពាក្យ និងព័ត៌មាន ទី៣. ពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន និងទី៤. កសាងនិងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាននៅគ្រប់កម្រិត។

   ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បើសិនមានបញ្ហាអ្វីមួយកើតឡើង ពាក់ព័ន្ឋការងារប្រតិកម្មរហ័សនេះ យើងត្រូវប្រមូលព័ត៌មាន ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់សិន ទើបយើងវាយតម្លៃ ហើយយើងក្តាប់បានអស់ហើយ យើងត្រូវសួរមេដឹកនាំយើងសិន ថាតើយើងត្រូវទប់របៀបណា វាយបកតាមផ្លូវណា  

   ឯកឧត្តម ឆាយ វីរៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងកាន់តែមានសមត្ថភាព ក្នុងការរៀបចំព័ត៌មាន ការផ្សព្វផ្សាយជាសាធារណៈ ក្នុងប្រើប្រាស់ប្រព័ន្ឋទំនាក់ទំនងសង្គម ជាប្រព័ន្ឋផ្សព្វផ្សាយ និងការឆ្លើយតបចំពោះសំណួរ ឬបញ្ហាផ្សេងៗ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង