គណៈប្រតិភូសមាជិកសភាអាមេរិកប្រកាសបន្តគាំទ្ររដ្ឋាភិបាលអាមេរិកជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិកឱ្យកាន់តែរីកចម្រើននិងទូលំទូលាយបន្ថែមទៀត
ភ្នំពេញ៖គណៈប្រតិភូសមាជិកសភាអាមេរិក បានបង្ហាញការគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំង ឡាយរវាងអាមេរិក និងកម្ពុជា ហើយប្រកាសគាំទ្ររដ្ឋាភិបាលអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-អា មេរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន អនុ ញ្ញាត ឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក រួមមាន លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, លោក Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពី គណបក្ស សាធារណរដ្ឋ, លោកស្រី Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្ស ប្រជា ធិប តេយ្យ និងលោកស្រី Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្ស ប្រជា ធិប តេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ គណៈប្រតិភូសមាជិកសភាអាមេរិក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីក ចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព ជាវិជ្ជ មាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និង ការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល ជា ដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឈ្វេង យល់ កាន់ តែ ស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហេីយគណ:ប្រតិភូ សមាជិក សភា អា មេរិក នឹងបន្តខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិ ការរវាង ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះ គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា អាមេរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះ ទំនាក់ទំនង ដ៏ល្អ ប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក។ សម្តេចមហាបវរធិបតី បានបញ្ជាក់ ជា ថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការ នេះ ឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពល ជាច្រើនទៀត ដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពី បរទេស នៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹង សមត្ថភាព របស់ កម្ពុជា ក្នុង ការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃ ផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូសមាជិកសភាអាមេរិក ក៏បានផ្លាស់ប្តូរយោបល់ គ្នា ដេីម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ។
សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់អាមេរិក លើវិស័យ បោស សម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលអាមេរិក ដែលបាន ជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ក៏បានជម្រាបជូនគណ:ប្រតិភូ សមាជិក សភា អាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ៕

