ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌប្ញស្សីកែវ ចុះធ្វើរដ្ឋបាលតាមផ្ទះជួល បន្ទប់ជួល ក្នុងមូលដ្ឋានជួបលោក លោកស្រីជាម្ចាស់ទីតាំង ,បងប្អូនជាអ្នកស្នាក់នៅ ដើម្បីណែនាំពីការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់

19

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមជាមួយ លោកវរៈសេនីយ៌ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ ឫស្សីកែវ កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាលតាមផ្ទះជួល បន្ទប់ជួល ក្នុងមូលដ្ឋានខណ្ឌ និងជួបសំណេះសំណាលជាមួយលោក លោកស្រីជាម្ចាស់ទីតាំង និងបងប្អូនជាអ្នកស្នាក់នៅ ដើម្បីណែនាំពីការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងជាពិសេសពន្យល់អោយបានយល់ពីខ្លឹមសារ នៃអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជាពិសេសនៅរាជធានីភ្នំពេញ។ អនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងរដ្ឋបាលលើទីតាំងដូចជា ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង អគារខុនដូ អាផាតមិន និងសណ្ឋាគារ ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ 

ការអនុវត្តអនុក្រឹត្យនេះ តម្រូវឱ្យម្ចាស់ផ្ទះ និងអ្នកជួលបន្ទប់ ទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះបញ្ជីព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលំនៅឋានឱ្យបានត្រឹមត្រូវ។ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ បាននិងកំពុងបន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យផ្ទាល់ដល់ទីតាំងនានា ដើម្បីធានាថា ការអនុវត្តអនុក្រឹត្យនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ គោលដៅសំខាន់ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរនៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកអភិបាលក៏បានស្នើសុំអោយលោក លោកស្រី ជាម្ចាស់ទីតាំងទាំងអស់ និងបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ និងមិនត្រូវពាក់ព័ន្ធបទល្មើសផ្សេងៗជាពិសេស online scam នេះតែម្ដង ។

អាជ្ញាធរសង្កាត់ ប៉ុស្តិ៍នគរបាល ភូមិ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យតាមគ្រប់រូបភាពព្រមទាំងបង្កើនការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារ និងប្រុងប្រយ័ត្នកុំឲ្យគ្រោះអគ្គិភ័យកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ។

អាជ្ញាធរសង្កាត់ត្រូវជួយរៀបចំបន្ថែមភ្លើងបំភ្លឺតាមច្រកផ្លូវចូលបន្ទប់ជួល ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។

ស្នើសុំលោក-លោកស្រីជាម្ចាស់ទីតាំងផ្ទះជួល បន្ទប់ជួលទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុង group telegram តាមសង្កាត់នីមួយៗ ឬអាចទំនាក់ទំនងអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ករណីមានការសង្ស័យ ឬមានបទល្មើសគ្រប់ប្រភេទ ដើម្បីកម្លាំងមានសមត្ថកិច្ចអាចដោះស្រាយបញ្ហាទាំងអស់នោះ ទាន់ពេលវេលា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីពី ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង