ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» នៅកម្ពុជា

17

ភ្នំពេញនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួល ជួបពិភាក្សា ការងារ ជាមួយគ ណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)  ដឹកនាំ ដោយលោក Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ប្រធានគណ:ប្រតិភូ នៃ ISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ប្រកបដោយ ជោគជ័យ ។

លោកបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ, សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ លោក ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និង ស្ថិរភាព។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង និង កិច្ចសហប្រតិ បត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ ដែល បាន នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង