ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតីណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយនិងរដ្ឋបាលរាជធានី-ខេត្តត្រៀមយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ

18

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយសង្គ្រោះចុះជួយប្រជាពលរដ្ឋ ក្នុងករណីចាំបាច់។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីត្រៀមឆ្លើយតបចំពោះគ្រោះទឹកជំនន់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដានការព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹកជាប្រចាំ។ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវត្រៀមគ្រាប់ពូជស្រូវ និងសម្ភារៈចាំចាច់សម្រាប់ប្រជាពលរដ្ឋ ដែលរងការខូចខាតផលដំណាំ ដែលត្រូវស្ដារឡើងវិញ។

ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនសកម្មភាពជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ជាពិសេសប្រជាកសិករ ដើម្បីក្តាប់នូវតម្រូវការជាក់ស្ដែង ដែលអាចអន្តរាគមន៍ជួយក្នុងករណីណាមួយ៕

អត្ថបទដែលជាប់ទាក់ទង