លោក ពុយ គា៖ ដល់ពេល យើងប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ តើនរណាគួរទទួលខុសត្រូវចំពោះការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅ ពេលដែលព័ត៌មាន និងមាតិកាព័ត៌មានកំពុងរីក សាយភាយយ៉ាងលឿន គាប់ពេលបរិបទសង្គមកំពុងរីកចម្រើននិងសម័យទំនើប ។
លោក ពុយ គា បានបញ្ជាក់បែបនេះ ក្នុងវេទិកាស្តីពី ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ កាលពិថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា៖ យើងដល់ពេលប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន។ ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗទាក់ទងនឹងអក្ខរាវិរុទ្ធ វេយ្យា ករណ៍ ការប្រើពាក្យ និងការបង្កើតពាក្យថ្មី។
វេទិកានឹងផ្តល់ឱកាសឱ្យអ្នកជំនាញភាសាខ្មែរ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន អ្នកធ្វើមាតិកាព័ត៌មាន ពិភាក្សាអំពីបញ្ហាដែលកំពុងកើត មាន និងស្វែងរកវិធីធ្វើឱ្យការប្រើប្រាស់ភាសា ខ្មែរមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដារ ខណៈ ភាសាក៏ត្រូវបន្តវិវត្តស្របតាមសង្គម និងបច្ចេកវិទ្យាទំនើប ។
ក្នុងឱកាសនោះលោក ពុយ គា បានបន្ថែមថា៖ ការពិភាក្សា នេះគួរពង្រីកលើសពីវិស័យសារព័ត៌មាន ព្រោះថា ការប្រើប្រាស់ភាសាខ្មែរ គឺជាការទទួលខុសត្រូវរួមរបស់សង្គម រួមទាំង អ្នកនយោបាយ សិល្បៈ មន្ត្រីរាជការ អ្នកដឹកនាំស្ថាប័ន និងថ្នាក់ដឹកនាំជាតិ ដែលសារនិងសុន្ទរកថាទាំងអស់មានឥទ្ធិពលខ្លាំងលើសាធារណជន។
ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមថា កិច្ចពិភាក្សារវាងអ្នកជំនាញភាសា និងអ្នកសារព័ត៌មាន នឹងជួយបង្កើតការយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ភាសាខ្មែរ ព្រមទាំងជំរុញឱ្យមានប្រភព យោង និងការណែនាំដែលអាចប្រើប្រាស់បានជាក់ស្តែងសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន ។
សូមបញ្ជាក់ថា៖ វាគ្មិនក្នុងវេទិកាដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ រួមមាន បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាខ្មែរ និងលោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតវេទិកានឹងសម្រ បសម្រួលដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ៕. ដោយ សំរិត

