ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ

24

ភ្នំពេញ៖រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ នាយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗបានចុះផ្សាយពាក់ព័ន្ធ ករណីការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ក្រោយពីទទួលបាន ព័ត៌មានខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវឃើញថា ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញនោះទេ។ ការដកហូតរបស់ក្រុមសន្តិសុខឯកជនកោះនរានេះ ធ្វើឡើងដោយពុំបានរាយការណ៍ និងស្នើសុំការសហការ ពីរដ្ឋបាលខណ្ឌនោះឡើយ។

ចំពោះករណីខាងលើនេះរដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បី កុំឱ្យមានបាតុភាពនេះកើតឡើងបន្តទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនជាអ្នកសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗព្រមទាំង បងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង