ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ីរ៉ង់អះអាងថានៅតែចង់ចរចាបញ្ចប់សង្គ្រាមទោះបីជាមានការបាញ់ប្រហារគ្នាជាថ្មីក៏ដោយ

52

ឌូបៃប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគៀន (Masoud Pezeshkian) នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នៅតែបន្តស្វែងរកដំណោះស្រាយតាមរយៈការចរចា ដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រទេសទាំងពីរទើបតែបានបើកការវាយប្រហារដាក់គ្នាជាថ្មី កាលពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចលើកដំបូងចាប់តាំងពីចុងខែកក្កដា និងបានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងជាង ៣,៥ភាគរយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក ប៉េសេសគៀន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះវីដេអូកាត់តដោយបញ្ញាសិប្បនិម្មិត (AI) ដែលបង្ហាញពីការកម្ទេចកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានបញ្ជាក់ថា យោធាមិនបានវាយប្រហារលើកោះ Kharg នោះទេ ខណៈមន្ត្រីអ៊ីរ៉ង់បានចាត់ទុកការបង្ហោះរបស់លោក ត្រាំ ថាជា «រឿងគួរឱ្យអស់សំណើច»។

យោងតាមមន្ត្រីអាមេរិក កាលពីថ្ងៃអាទិត្យ កងទ័ពអាមេរិកបានវាយប្រហារលើទីតាំងបាញ់មីស៊ីលចំនួន ២កន្លែង នៅលើកោះ Larak របស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិកចំនួន ២កន្លែង នៅក្នុងប្រទេសហ្សកដានីវិញផងដែរ។ ការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នានេះ កើតឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើទីក្រុងតេហេរ៉ង់ និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈដែលមធ្យោបាយការទូតកំពុងស្ថិតក្នុងភាពជាប់គាំង។

ថ្លែងប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) លោក ប៉េសេសគៀន បានចោទប្រកាន់អាមេរិកថាមិនបានគោរពតាមការសន្យាក្នុងកិច្ចព្រមព្រៀងកន្លងមក។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា៖ «ទោះជាយ៉ាងណា យើងនៅតែព្យាយាមស្វែងរកកិច្ចព្រមព្រៀង និងការយោគយល់គ្នា ព្រោះយើងជឿជាក់ថា ការបន្តសង្គ្រាមមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ទាំងសម្រាប់យើង សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិទាំងមូល។ យើងជឿថា ដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន គឺការសន្ទនា និងកិច្ចសហប្រតិបត្តិការ»៕

អត្ថបទដែលជាប់ទាក់ទង