ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញយកចិត្តទុកដាក់បន្ថែមលើការផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័សជូនប្រជាពលរដ្ឋ

46

ភ្នំពេញ៖ឯកឧត្ដម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញយកចិត្តទុកដាក់បន្ថែមលើការផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ត្រួតពិនិត្យលើផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសម្ភារឧបករណ៍ផ្សេងៗ ពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានទាន់ពេលវេលានិងសុំឱ្យអាជ្ញាធរដែនដី នៅបន្តសហការជួយថែទាំផ្លូវ។ 

  ការណែនាំបែបនេះរបស់ឯកឧត្ដម ប៉េង ពោធិ៍នាបានធ្វើឡើងនារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា។

  ឯកឧត្ដម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា៖ 

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ 

បានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងសម្រេច បានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ និងការលើក កម្ពស់សមត្ថភាពស្ថាប័ន ជាពិសេសការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

 ឯកឧត្ដម ប៉េង ពោធិ៍នា បន្តថា នៅក្នុងរយៈពេលជាង៣ឆ្នាំ នៃអាណត្តិទី៧នេះ ក្រសួង សម្រេចបានសមិទ្ធផលជាច្រើន ដូចជាការរៀបចំនូវយន្តការអនុវត្តផ្ទៃក្នុងរបស់ក្រសួងកែទម្រង់ហិរញ្ញវត្ថុ កសាងផ្លូវជាតិលេខ៥, មហាវិថី ស៊ី ជីនពីង, វិថីតេជោសន្តិភាពឆ្នេរអង្គោល, ព្រែកជីកហ្វូណនតេជា, បើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការសម្ពោធកំណាត់ផ្លូវជាតិលេខ២៣(ស្រុកកោះធំ), ការសម្ពោធកំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម), ការសម្ពោធកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តក្រចេះ, ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បច្ចុប្បន្នសម្រេចបាន៨៣% អាចបើកឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងពេលចូលឆ្នាំខ្មែរ ២០២៧ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧, ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បច្ចុប្បន្នសម្រេចបានប្រមាណ៦០% គ្រោងនឹងបញ្ចប់នៅមុនបោះឆ្នោតសកលឆ្នាំ២០២៨, ផ្លូវជាតិលេខ១០ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦, ផ្លូវជាតិលេខ៤៨ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ និង

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ(ស្ពានមេគង្គក្រចេះ) គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២៧ខាងមុខ, ការចុះហត្ថលេខាលើកិច្ចសន្យារវាងអង្គភាពគ្រប់គ្រងគម្រោងក្រសួង និងក្រុមហ៊ុនអនុវត្ត(ស្ពានកោះខ្សាច់ទន្លា, គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង), ចំណតផែកុងតឺន័រ និងការដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ, ចំណតផែរណបពហុបំណង, ឃ្លាំងសន្និធិគយបណ្តោះអាសន្ន, ឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់, ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ កំពង់ផែពហុបំណងកំពត,និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្តជាច្រើនខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅតាមទីរួមខេត្ត-ក្រុង និងទីប្រជុំជនសំខាន់ៗ រួមជាមួយនឹងលទ្ធផលជោគជ័យនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគាំទ្រដល់ការអនុវត្តការងារនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ 

  ឯកឧត្ដម ក៏បានជំរុញការតាមដានត្រួតពិនិត្យនៅតាមដងផ្លូវនានាក្នុងរាជធានីឱ្យសព្វគ្រប់ជ្រុងជ្រោយ បន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង់ ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើបថ្មីៗ សម្រាប់ជួយដល់ការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេស។ សូមឱ្យអាជ្ញាធរដែនដីជួយទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវមកប្រើប្រាស់ជាលក្ខណៈ ឯកជន។ សុំឱ្យអាជ្ញាធរដែនដី នៅបន្តសហការជួយថែទាំផ្លូវ។ 

  ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានលេីកឡេីងពីដំណេីរការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័ក្នុងរាជធានីភ្នំពេញទទួលលទ្ធផលល្អប្រសេីរ និងបន្តដោយការទទួលខុសត្រូវ។

  ចំណែកលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ មន្ទីរបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ លើវិស័យសាធារណការ វិស័យដឹកជញ្ជូន និងសោភ័ណ្ឌភាពរាជធានី ។ការងារស្ថាបនា ការងារថែទាំ និងការងារជួសជុលហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ ស្ពាន ស្ថានីយប្រព្រឹត្តទឹកកខ្វក់ ស្ថានីយ ស្ថានីយបូមទឹកចេញក្រៅក្រុង ប្រព័ន្ធប្រឡាយ ប្រព័ន្ធលូ- អណ្តូងលូ ភ្លើងស្តុប ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបានចូលរួមចំណែកលើការងារស្ថាបនា ថែទាំ ជួសជុលសួនច្បារ និងដើមឈើ ។

  លោកបន្តថា៖ នៅក្នុងរាជធានីភ្នំពេញមានប្រភេទផ្លូវជាតិ ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវរាជធានីភ្នំពេញ សរុប ២. ៨៨២គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិមានប្រវែង ១៤១គីឡូម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុងមានប្រវែង៦១គីឡូម៉ែត្រនិងផ្លូវរាជធានី មានប្រវែង ២.៦៤០គីឡូម៉ែត្រ មានសរុបចំនួន ៤៧ស្ពាន មានប្រវែងសរុប ១៧,១០០ ម៉ែត្រ ក្នុងនោះរួមមានៈ

– ស្ពានបេតុងឆ្លងកាត់ទន្លេ ចំនួន ១០ស្ពាន

មានប្រវែង ៤,៩៩៣ ម៉ែត្រ-ស្ពានខ្សែកាបឆ្លងកាត់ទន្លេ ស្ពានអាកាសចំនួន ២ស្ពាន មានប្រវែង ១,៤៦៦ ម៉ែត្រស្ពានអាកាសចំនួន ១១ស្ពានមានប្រវែង ៩,៧៣១ ម៉ែត្រ ស្ពានថ្មើរជើងចំនួន ៥ស្ពាន

មានប្រវែង៣៩៧ ម៉ែត្រ ,ស្ពានធម្មតា ចំនួន ១៩ស្ពានមានប្រវែង៥១៣ ម៉ែត្រ។ ប្រឡាយ មានប្រឡាយមេ ចំនួន ៣៥ខ្សែ មានប្រវែង ១១៩.៩៤៥ ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង