ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ៥១គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

91

ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន៥១គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា  ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់កាលពីល្ងាចថ្ងៃទី១៧មិនាឆ្នាំ ២០១៩ កន្លងមកនេះ។

ពិធីប្រគល់អំណោយខាងលើនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨មិនាឆ្នាំ ២០១៩ក្រោមវត្តមានលោកឃួង ស្រេងប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានរួមមាន ឆ្នាំងបាយ តង់ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អង្ករ ត្រីខ ធុងទឹកកក តែ ទឹកដោះគោ ទឹកក្រូច ទឹកបរិសុទ្ធនិងថវិកាចំនួន ៥ ម៉ឺនរៀលក្នុងមួយគ្រួសារ។

លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនដែលងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងមិនមាន ការរើសអើងឡើយ។ ជាក់ស្ដែងនៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈសាខាកាកបាទក្រហមរាជធានីភ្នំពេញ បាននាំយកអំណោយមកចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យទាំង៥១គ្រួសារនាពេលនេះ។

លោកឃួងស្រេងបានបន្តទៀតថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានណែនាំឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ចុះតាមដានមើល ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារនោះទេ។ ក្នុងឱកាសនោះដែរលោកឃួងស្រេងក៏បានជម្រាបដល់ ប្រជាពលរដ្ឋទាំងអស់ថានបើសិនជាប្រជាពលរដ្ឋណាម្នាក់មាន បញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ បងប្អូនអាចទៅទំនាក់ទំនងនៅគណបក្សសង្កាត់ គណបក្សខណ្ឌក៏ដូចជា គណបក្សរាជធានីដើម្បីឲ្យមន្ត្រីរបស់យើង ជួយអន្តរាគមន៍ ។

ពាក់ព័ន្ធនឹងការឆាបឆេះដោយអគ្គីភ័យនាពេលនេះលោកឃួងស្រេងបានក៏បានសម្ដែង នូវការសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំង៥១គ្រួសារ ។ លោកបញ្ជាក់ផងដែរថាកាលដែល អគ្គីភ័យឆាប់ឆេះរហូតដល់ ៥១គ្រួសារនេះគឺដោយសារតែផ្លូវមានលក្ខណៈចង្អៀត យើងមិនអាចចូលរថយន្តពន្លត់អគ្គីភ័យ បានទាន់ពេលទើបបណ្ដាលឲ្យមាន ការរាលដាលឆេះ រហូតដល់អស់រាប់សិបខ្នងបែបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានអំពាវនាវឲ្យប្រជាប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាក់ចេញ ដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនីក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គីភ័យនេះ វាធ្វើអោយគ្រួសារយើងវិនាសហិនហោច ទាំងផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកគឺពោលថាស៊ូលិចទូកកណ្ដាលទន្លេ កុំអោយភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។

គួរបញ្ជាក់ថាអគ្គិភ័យ​នេះ​ បានកើតឡើងកាលពីវេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ថ្ងៃទី​១៧ ​ខែមីនា​ នៅ​ចំណុច​ក្បែរ​ទីលាន​ចាក់សំរាម​ស្ថិតនៅក្នុង​ក្រុមទី​៩ ​ភូមិ​ព្រែក​ទាល់ ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

អាជ្ញាធរនិយាយថាទីតាំង​ដែល​ាំងដែលែលឆេះនេះគឺជាសំណង់មិនរៀបរយដោយ សាងសង់ជាផ្ទះតូចៗ មិនមាន​ផ្លូវធំ​សម្រាប់​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​បាញ់​ពន្លត់​បានឡើយ​។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ច បានប្រើប្រាស់ឡានទឹកអស់ចំនួន១៧គ្រឿង ក្នុងនោះរួមមាន ឡានទឹកស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ​១៥គ្រឿង, ស្រាបៀរ​កម្ពុជា​១គ្រឿ​ង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ១គ្រឿងបានបាញ់​ពន្លត់​រ ហូតដល់ម៉ោង១៦និង១០នាទីល្ងាច ទើបអគ្គិភ័យបានរលត់ទៅវិញ ដោយបានធ្វើអោយផ្ទះប្រមាណ៤៨ខ្នងត្រូវបាន ឆាប់ឆេះក្លាយជាផេះ។ ចំពោះមូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ ​គឺ​ដោយសារ​ទុស្សេ​​ខ្សែភ្លើង ប៉ុន្តែ​​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង