ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អះអាង​ថា​ គ្រឿងញៀន​ នៅ​តាម​ភូមិ​ឃុំ​គ្មាន​ការ​ថយ​ចុះ​ ហើយនៅតាមទី​កម្សាន្ត​ ​ស្ទើរតែ​ទាំងអស់​ ​មាន​ប្រើប្រាស់​គ្រឿងញៀន

136


ភ្នំពេញ​ ៖​ នៅថ្ងៃ​ទី១៩​ ខែមីនា​ ឆ្នាំ​២០១៩​ នៅក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពេញអង្គ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អធិបតី​ដឹកនាំ​ដោយលោកនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​អះអាង​ថា​ ការ​ចែកចាយ​គ្រឿងញៀន ​នៅ​តាម​ទី​ជនបទ​ តាម​ភូមិ​ ឃុំ​គ្មាន​ការ​ថយ​ចុះ​នៅឡើយ​បើ​ទោះបីជា​រយៈពេល​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ករណី​ធំៗ ​បានជា​បន្តបន្ទាប់​ក៏​ដោយ​​។​

លោក ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​លើក​ឡើង​ថា​ “​ពី​មុន​ ខ្ញុំ​សន្និដ្ឋាន​ថា​ ករណី​គ្រឿងញៀន ​វា​នឹង​អាច​ថយ ​ដោយសារ​ចាប់​ករណី​ធំៗ​បាន​ច្រើន​ ប៉ុន្តែ​អា​ចែក​តាម​ភូមិ​ឃុំ​ហ្នឹង​ គឺ​វា​មិន​ថយ​នោះ​ឡើយ​។​ ចំណែក​ទី​កម្សាន្ត​នានា ​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ប្រើប្រាស់​គ្រឿងញៀន​”​។​

លោក ឧបនាយករដ្ឋមន្ត្រី​ បាន​ធ្វើការ​អំពាវនាវ​ដល់​ស្ថា​ប័ន ​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​រួម​គ្នា​ ស៊ើបអង្កេត​ស្វែងរក​ម្ចាស់​ និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​នូវ​គ្រឿងញៀន​នេះ​ បន្ថែម​ទៀត​ ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឲ្យ​ករណី​នេះ​ មានការ​ថយ​ចុះ​ ដើម្បី​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សង្គម​ជាតិខ្មែរ​ទាំងមូល​។​ បញ្ហា​គ្រឿងញៀន​នេះ​ គឺ​មិនមែន​តែ​កម្ពុជា​យើង​នោះ​ទេ ​គឺ​ពិភពលោក ​មានការ​ព្រួយបារម្ភ​គ្រប់ៗ​គ្នា​ ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​តែ​ចាត់វិធានការ ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ ដើម្បី​ប្រទេស​ជាតិ ​ហើយ​ត្រូវ​តែ​រួម​សហការ​គ្នា​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ​ក្នុង​ការ​បង្ក្រាប​ និង​លុប​បំបាត់​។

​យោង​តាម​របាយការណ៍​របស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៨ ​កន្លង​ទៅ​នេះ​ បទល្មើស​គ្រឿងញៀន​ សរុប​ដែល​បង្ក្រាប​បាន​ចំនួន​ ៨.០០២​ករណី​ ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ បាន​ចំនួន​១៦.២១៦​នាក់ ​និង​គ្រឿងញៀន​ជាង​០,៥​តោន​៕

អត្ថបទដែលជាប់ទាក់ទង