ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​​ពិជ័យ​សេនា ​ទៀ ​បាញ់ ​​ទទួល​ដំណើរ​និវត្តន៍​ របស់​កង​វិស្វកម្ម​លេខ​៩៦៣​ ដែល​បញ្ចប់​បេសក​កម្ម ​នៅ​សាធារណ​រដ្ឋ​លី​បង់​

333


ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នៅ​វិមាន​មិត្ត​ភាព ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ស្រីប៉ូ​លីន​ តា​មេ​ស៊ីស​ (Pauline Timesis) តំណាង​អ្នក​សម្រប​សម្រួល​ អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​ព្រះ​រា​ជា​ណាក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​ របស់​កង​វិស្វកម្ម​លេខ​៩៦៣ ​ពី​សាធា​រណ​រដ្ឋ​លី​បង់​។​

យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា ក្នុងរយៈពេលជាង១២ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេង ជាបន្តបន្ទាប់ស្នាដៃ ធំៗមួយចំនួនដូចជា៖ ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះការស្ថាបនាសំណង់ផ្តេក-សំណង់បញ្ឈរ ពិសេសការជីកអណ្តូងទឹកស្អាត ដោយ កម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប រៀងរាល់ត្រីមាសនៃការបញ្ជូនកងទ័ពមួកខៀវ កាលពីខែសីហា ឆ្នាំ២០១៨ កម្ពុជាទទួលបានលំដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់ តំបន់បេសកកម្ម។

សូម​បញ្ជាក់​ថា៖​ ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​កិច្ច​ស្វាគមន៍ ​និង​អបអ​រ​សាទរ ​ចំពោះ​ការ​វិល​ត្រឡប់​វិញ​ របស់​កង​វិស្វ​កម្ម​លេខ​៩៦៣​ ចំនួន​១៨៤​នាក់​ ក្នុង​នោះ​រួម​ទាំង​នារី​១៣​នាក់​ផង​ដែរ​ បន្ទាប់​ពី​បាន​សម្រេច​ភារកិច្ច ​ក្នុង​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គ​ការ​សហ​ប្រជាជាតិ​(អ.ស.ប)​ អាណត្តិ​មួយ​ឆ្នាំ​ នៅ​សាធា​រណរដ្ឋ​លី​បង់​ និង​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ​ ដោយ​សុវត្ថិភាព កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មករា ​ឆ្នាំ​២០១៩​កន្លង​ទៅ​ ។

សូមជម្រាបថា តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស មានចំនួន ៥.៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។ ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជា ប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី៕

អត្ថបទដែលជាប់ទាក់ទង