ស្នែងសត្វរមាសតម្លៃជាង២លានដុល្លារ ត្រូវបានរឹបអូសនៅហុងកុង
បរទេសៈ មន្ត្រីគយនៃទីក្រុងហុងកុងបានប្រកាសថា ខ្លួនបានរឹបអូសស្នែងរមាសទម្ងន់ជិត១០០គីឡូក្រាម តម្លៃជាង២លានដុល្លារអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅ។
ប្រភពថា ស្នែងទាំងនេះត្រូវបានរឹបអូសបាននៅព្រលានយន្ដហោះអន្ដរជាតិហុងកុង ទម្ងន់ ៨២,៥គីឡូក្រាមដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំនៃការជួញដូរសត្វព្រៃ។ ស្នែងរមាសទាំងនេះត្រូវចាប់បានមួយថ្ងៃមុនពេលដែលត្រូវដឹកជញ្ជូនចេញដោយឈ្មួញក្លែងបន្លំថាជាគ្រឿងបន្លាស់រថយន្ដ។ ប៉ុន្តែដោយមានការសង្ស័យ មន្ត្រីបានប្រើប្រាស់កាំរស្មី X ដើម្បីស្កែននិងរកឃើញស្នែងរមាសតែម្ដង។
ការដឹកជញ្ជូននេះ ត្រូវនាំចេញដំបូងពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងគោលបំណងដឹកទៅកាន់ប្រទេសម៉ាឡេស៊ី។ តាមការប៉ាន់ស្មានបង្ហាញថា ស្នែងទាំងនេះមានតម្លៃប្រមាណ១៦.៥លានហុងកុង ឬប្រមាណជា ២,១ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ស្រដៀងនឹងសត្វព្រៃផ្សេងៗទៀតដែរ ស្នែងរមាសត្រូវបានគេផ្តល់តម្លៃខ្លាំង សម្រាប់ធ្វើជាឱសថបុរាណ ក៏ដូចជាច្នៃធ្វើជាគ្រឿងអលង្កាផងដែរ៕