អភិបាលខេត្តកណ្ដាល ជាដើមចមដែលធ្វើឲ្យរដ្ឋាភិបាលលុបចោលគម្រោងបំបែកខេត្ត តែមកដល់ឥឡូវ លោក ម៉ៅ ភិរុន បានត្អូញត្អែរថា ពិបាកគ្រប់គ្រងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អភិបាលខេត្តកណ្តាលជាអ្នកធ្វើឲ្យខកខានក្នុងការបង្កើតខេត្តថ្មី ។
បញ្ហារត់ការកាន់កាប់តំណែងនៅខេត្តថ្ម្តថ្មី គឺជាដើមចមដែលធ្វើឲ្យរដ្ឋាភិបាល សម្រេចចិត្តលុបចោលគម្រោងបំបែកខេត្ត កាលពីចុងឆ្នាំ២០១៨កន្លងមក។ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏ជាប់ពាក់ព័ន្ធនឹងការអន្តរាគមន៍លើមុខតំណែងនៅក្នុងខេត្តថ្មីនោះដែរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បបានមានប្រសាសន៍ថា រដ្ឋាភិបាលពិតជាចង់បំបែកខេត្តថ្មីចំនួនពីរ ដើម្បីជួយសម្រួលដល់រដ្ឋបាលខេត្តកណ្ដាល ដែលមានភូមិសាស្ត្រក្រវ៉ាត់រាជធានីភ្នំពេញ។ ប៉ុន្តែគម្រោងនេះ បានខកខានទៅវិញ ដោយសារតែអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ លូកដៃចូលលើកិច្ចការនេះ។ លោក ម៉ៅ ភិរុណ បានស្នើទៅរដ្ឋាភិបាល សុំតែងតាំងមុខងារមន្ត្រីនៅក្នុងខេត្តថ្មីនោះ ទើបធ្វើឲ្យសម្ដេចនាយករដ្ឋមន្ត្រី មិនពេញចិត្ត ហើយសម្រេចលុបចោលគម្រោងនេះតែម្ដង។
សម្តេចក្រឡាហោម បានបញ្ជាក់ថា” រឿងដែលខកខានបង្កើតខេត្តថ្មី គឺ ម៉ៅ ភិរុន តែម្តងនិយាយឲ្យមែនទៅ តែឥឡូវត្អូញថាអ្នកខេត្តណាក៏មកឆ្លងកាត់ខេត្តកណ្តាលដែរ លើកលែងផ្លូវជាតិលេខ៧ ក្រៅពីនោះចេញពីខេត្តគាត់ទាំងអស់ ។ ប៉ុន្តែទិសទាំងឡាយនោះដោយឆ្លងកាត់ខេត្តកណ្ដាល អាហ្នឹងហើយបានមានការសិក្សាមួយមានការអនុញ្ញាតពីសម្ដេច អគ្គមហាសេនាតេជោ ក្នុងការរៀបចំរដ្ឋបាលខេត្តមួយ ដើម្បីងាយស្រួលគ្រប់គ្រង ឥឡូវគាត់មកត្អូញ ថាអារឿងពិបាក ដោយសារភូមិសាស្ត្រគាត់អញ្ចឹង អារឿងហ្នឹងហើយដែលធ្វើឲ្យខកខានបង្កើតខេត្ត រឿងម៉ៅភារុណនោះតែម្ដង តើមកដល់ឥឡូវមកត្អូញ ។ ហើយត្រង់ណាក៏ឆ្លងកាត់ខេត្តគាត់ដែរ គឺមានតែផ្លូវលេខ 7 ក្រៅពីនោះផ្លូវត្រូវឆ្លងកាត់ខេត្តគាត់ទាំងអស់ ។ ផ្លូវជាតិលេខ 2 ខេត្តតាកែវ ផ្លូវជាតិលេខ 3 ផ្លូវជាតិលេខ 4 ផ្លូវជាតិលេខ 1 ផ្លូវជាតិលេខ 5 ផ្លូវជាតិលេខ 6អាគឺនៅក្នុងខេត្តគាត់ទាំងអស់នោះតែម្តង គាត់ថាត្រូវហើយមិនមែនជាកដបទេ អញ្ចឹងហើយបានជាយើងសុំយោបល់ យើងអាចបំបែករដ្ឋបាលនិងបានទេ ងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ពីព្រោះបើអន្តរាគមន៍ពីតាខ្មៅមកដល់ពញ្ញាឮ ពីអង្គស្នួលមកដល់លើកដែក គឺត្រូវតែមានការឆ្លងកាត់ពេញហ្នឹងទាំងអស់ ដល់អញ្ចឹងគាត់អន្តរាគមន៍មក មានអ្នកនេះមានអ្នកនោះធ្វើចៅហ្វាយខេត្ត នឹងមានរហូតដល់ប្រធានតុលាការ ដល់ពេលចង់សម្ដេចបានប្រាប់មកខ្ញុំ គឺឈប់តែម្ដង ហើយខ្ញុំបានតបទៅសម្ដេចថា អញ្ចឹងក៏បាន ប៉ុន្តែមកដល់ឥឡូវ គាត់មករអ៊ូថាពិបាកក្នុងភូមិសាស្ត្រ”។
ការបញ្ជាក់របស់លោក ស ខេង នេះបន្ទាប់ពីលោក ម៉ៅ ភិរុន អភិបាលខេត្តកណ្តាល បានត្អូញត្អែរថា ពិបាកគ្រប់គ្រងភូមិសាស្ត្រខេត្តកណ្តាល ដោយសារភូមិសាស្ត្រ៕