ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយសីនឹងប្រកួតជើងឯកជាតិ ឆ្នាំ២០១៩ នៅថ្ងៃទី១៩តុលា

72

ភ្នំពេញ៖សហព័ន្ធកីឡាវាយសីកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់បណ្តាសមាគមក្លិបកីឡាវាយសីក្នុងរាជធានីខេត្ត ក្រុងទាំងអស់ថាសហព័ន្ធកីឡាវាយសីកម្ពុជានឹងរៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៩ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នៅទីលានវាយសីពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ។

ក្នុងសេចក្តីជូនដំណឹងនេះអញ្ជើញសមាគម ក្លិបកីឡាវាយសីជាសមាជិកទទួលស្គាល់ដោយសហព័ន្ធ កីឡាវាយសីកម្ពុជាទាំងអស់ដែលមានបំណងចូលរួមប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩សូមអញ្ជើញដាក់ពាក្យសុំចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃផុតកំណត់នៅថ្ងៃទី១២ ខែតុលា ។

លោកឩត្តមសេនីយ៍ទោជាម សុភាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានអះអាងថាលោក  ចង់ឲ្យមានការចូលរួមច្រើនព្រោះការប្រកួតមួយដែលមានការចូលរួមច្រើននោះវានឹងធ្វើឲ្យការប្រកួតនោះកាន់​តែមានគុណភាព ។

កីឡាករ កីឡាការិនីដែលប្រជែងគ្នាក្នុងចំណោមមនុស្សច្រើនគឺពិតជាមានគុណភាពកាន់តែខ្ពស់ ។ លោកទទួលស្គាល់ថាពីមួយឆ្នាំទៅមួយឆ្នាំសមាគម ក្លិប ចំនួនកីឡាករ កីឡាការិនីកាន់តែមានកំណើនហេតុនេះ​តាមទម្លាប់ដែលមានកំណើននេះលោកមានជំនឿចិត្តថាឆ្នាំនេះសមាគម ក្លិប នឹងបញ្ជូនកីឡាករ កីឡាការិនីឲ្យ​មកចូលរួមកាន់តែច្រើនជាមិនខាន ៕

 

 

អត្ថបទដែលជាប់ទាក់ទង