ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេម៖ បាល់ទាត់កម្ពុជាស្ថិតនៅពូល A

113


ភ្នំពេញ៖យោងតាមគេហទំព័រផ្លូវការ របស់គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី
៣០ ឆ្នាំ២០១៩ ដែល្វើនៅប្រទេសហ្វីលីពីននោះ បានឲ្យដឹងថា សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស បាន
ចាប់ឆ្នោតបែងចែកពូលរួចហើយ កាលពីថ្ងៃទី១៥តុលា នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលនោះ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមប្រទេសខ្លាំងៗ ចំនួន៤ប្រទេសទៀត គឺម្ចាស់ផ្ទះហ្វីលីពីន
ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ចំពោះពូល B វិញមានប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម
ឡាវ សឹង្ហបូរី និង ប្រទេសប្រ៊ុយណេ ។
ការដែលក្រុមកម្ពុជាស្ថិតនៅក្នុងពូលជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ា គឺជាការជួបគ្នាសារជាថ្មី ក្នុងឆ្នាំ២០១៩នេះ។ ក្រុមទាំងពីរនេះ ធ្លាប់ស្ថិតនៅក្នុងពូលជាមួយកម្ពុជា កាលពីប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២២ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ហើយដែលកាលនោះកម្ពុជា បានយកឈ្នះទាំងពីរប្រកួត ពោលគឺឈ្នះ ម៉ាឡេស៊ី ១ទល់០ និងឈ្នះមីយ៉ាន់ម៉ា ២ទល់០ ទៀតផង។
សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្រ្តី ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែជាទីលានជាស្មៅសិប្បនិមិត្ត ។
ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើ ៥៦ប្រភេទ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ៕

អត្ថបទដែលជាប់ទាក់ទង