អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ២នាក់ ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យ ទាំង២នាក់ គឺ១/ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ,២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន ខណៈដែលរូបគេ បានធ្វើសកម្មភាពបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច ពីប្រជាពលរដ្ឋជាស្រ្តីជនរងគ្រោះមា្នក់ ដែលកំពុងជិះម៉ូតូ ១គ្រឿងម៉ាក ស្កូពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GQ-5224 ដោយមានកាន់ទូរស័ព្ទជាប់ដៃ ធ្វើដំណើរលើដងផ្លូវ តាមបណ្តោយផ្លូវវេងស្រេង កែងការ៉ាសស៊ាំងតេលា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោឡោ ចោរៗ ឮដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ដែលកំពុងល្បាតឃើញ ក៏ប្រដេញស្ទាក់ រហូតដល់មុខស្ថានីយ៍ប៉ុស្តិ៍បាយ័នស្ទឹងមានជ័យ កម្លាំងល្បាតអាវុធហត្ថ ក៏ឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់នោះ តែម្តង។
ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា កន្លងមកពួកគេ រួមជាមួយ បក្ខពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ៣លើក រួចមកហើយ។ ជារៀងរាល់ថ្ងៃពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ៕