នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះពិនិត្យសភាពការណ៍សន្តិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះពិនិត្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៃព្រះរាជពិធីបុណ្យអុំទូក នៅទីបញ្ជាការនៃអនុគណៈកម្មការការពាររក្សាសនិ្តសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជម្ងឺ ។
នាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០១៩នេះ អនុគណៈកម្មការការពាររក្សាសនិ្តសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជម្ងឺ បានរៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពនៅតាមចំណុចបិទ-បើកច្រកចេញ-ចូល តាមដងផ្លូវ និងតាមគោល ដៅសំខាន់ៗ ក្នុងតំបន់ប្រារព្ធពិធី ក្នុងនោះសាលារាជធានីភ្នំពេញបានតម្លើងកាមេរ៉ាសុវត្ថិភាពសម្រាប់ត្រួតពិនិត្យសកម្មភាពនានាក្នុងតំបន់សំខាន់ៗ ។ ដោយឡែកខាងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានតម្លើងកាមេរ៉ាចល័ត និង អចល័ត ដើម្បីចាប់តាមដានមុខសញ្ញា មាននៅក្នុងទិន្នន័យគ្រប់គ្រងរបស់នគរបាលជាតិ ជាពិសេសមុខសញ្ញាក្នុងបញ្ជីខ្មៅ ដែលឆ្លៀតឱកាសចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ៕