ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហេង ឡុង ប្តឹងលោក អ៊ឹម ជីវ៉ា ចំនួន៣បទល្មើស

194

ភ្នំពេញ ៖ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានពាក្យ ប្តឹងលោក អឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចំនួន៣បទល្មើស នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ពាក្យបណ្តឹងដែលដាក់ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសទាំង៣ ដែលលោក ហេង ឡុង និងភរិយា ប្តឹងឈ្មោះ អ៊ឹម ជីវ៉ា រួមមាន៖ បទបរិហារកេរ្តិ៍ជាសាធារណៈ, ប្រមាថ និងគំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តាញសង្គម (Facebook) ក្នុងគណនីមានឈ្មោះ អ៊ឹម ជីវ៉ា។

 

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហេង ឡុង បានបញ្ជាក់ថា អ្វីដែលយើងមិនចង់ជួបគឺគេចមិនរួច ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ទើបពាក្យបណ្ដឹងនេះមិនទាន់ទៅដល់តុលាការ។ មានតែច្បាប់ទេទើបអាចបញ្ជាក់ថា យើងជាមនុស្សបែបណា?

 

លោកថា ខ្ញុំគ្រាន់តែចង់បកស្រាយចំណុចសំខាន់ៗខ្លះនៅអ្វីដែលប្អូន អុឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសរបស់ខ្ញុំ ក៏ដូចជាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ “មូលនិធិសិល្បៈចាស់ជរា”។

អ្នកដែលមានសិទ្ធិ និងកាតព្វកិច្ចមើលរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺមានមនុស្សបីប្រភេទ:

១. ម្ចាស់ជំនួយ

២. សមាជិកក្រុមប្រឹក្សាភិបាល

៣. សាលក្រមតុលាការ

 

សូមបញ្ជាក់: ប្អូន អុឹម ជីវ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ មិនមែនជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាម្ចាស់មូលនិធិឡើយ ហើយបច្ចុប្បន្ននេះក៏ប្អូនបានលាឈប់ហើយដែរ។

រាល់បាយការណ៍ហិរញ្ញវត្ថុរាយការណ៍ទៅម្ចាស់ជំនួយសុទ្ធតែភ្ជាប់ជាមួយនឹងរបាយការណ៍សាវនកម្មពីខាងក្រៅ ដើម្បីធានាបានតម្លាភាព។

តើបងប្អូនដែលឃើញមានស្ថាប័នអង្គការ រឺ សមាគម ណាបង្ហោះជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទេ?

តើប្អូនធ្វើក្នុងចេតនាអ្វីឲ្យពិតប្រាកដ?

 

លោកបន្តថា លោកគ្រាន់តែចង់បកស្រាយចំណុចសំខាន់ៗខ្លះ នៅអ្វីដែលលោក អ៉ឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសលោក ក៏ដូចជាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ «មូលនិធិសិល្បៈចាស់ជរា»។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារ៩ចំណុច ក្នុងនោះលោកបានសំណូមពរឲ្យលោក ហេង ឡុង បកស្រាយទាក់ទងនឹងថវិកា ដែលជាចំណូលប្រចាំឆ្នាំ ដែលបានពីសប្បុរសជននានា។ លោកថែមទាំងសំណូមពរឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ជួយរាយការណ៍ទាក់ទងទៅនឹងថិវកា ដែលបានមកពីការជួលទីស្នាក់ការចាស់ផងដែរ។

 

តាមរយផេកហ្វេសប៊ុក សិល្បករកម្ពុជា កាលពីថ្ងៃទី១៥វិច្ឆិកា លោក អុឹម ជីវ៉ា សូមជំរាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ បងប្អូនសាព័ត៌មានទាំងអស់និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខតំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

 

លោកបន្តថា មូលហេតុនៃការលាលែងនេះដោយសារតែ : ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ ។ ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញឲ្យចូលរួម ។ ទី៣. សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាឲ្យពិតប្រាកដ ។ ទី៤ . ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌។ ទី៥. ប្រាក់ចំណូលនិងប្រាក់ចំណាយផ្សេងៗ និងថវិកាមូលនិធិវាហាក់បីដូចស្រពិចស្រពិល ដោយមិនបានប្រជុំរៀងរាល់ខែឡើយ ។ទី៦ .រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មានខ្លះដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។ ទី៧ . សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទាក់ទងនិងថវិកាដែលជាចំណូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មាន សម្តេចតេជោហ៊ុនសែន និងលោកឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំឆ្នាំជួយរាយរបាយការណ៍ផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០( ប្រាំមុឺនដុល្លារ)ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោកឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០( ប្រាំមុឺនដុល្លារ)រយៈពេល៥ឆ្នាំដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។ ទី៨ ការពិតអ្នកបងចន ច័ន្ទលក្ខិណាគឺជាមនុស្សល្អសម្រាប់ខ្ញុំ មានចិត្តល្អ តែអ្នកបងចនច័ន្ទ ធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាមិនពិសេសមិនទាន់ចេះទប់អារម្មណ៍ក្នុងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។ ទី៩ : សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថវិកាដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាលក្រុងភ្នំពេញចាស់ដែលឲ្យផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ?? ។

លោកបានបន្ថែមទៀតថា

នៅមានច្រើនទៀត តែសូមយកតែ៩ចំណុចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន និងលោកប្រធានសមាគមជួយបកស្រាយអំពីចំណុចមួយចំនួនខាងលើ ដើម្បីឲ្យក្រុមប្រឹក្សាភិបាលទាំងអស់និងសិល្បករអស់ចម្ងល់ផង ។

ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អុឹម ជីវ៉ា សុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ

រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។

 

លោកអុឹម ជីវ៉ា បានលើកឡើងថា ខ្ញុំជាកូនអ្នកក្រ ខ្ញុំគ្មានខ្នងឬអាងអ្នកណានៅពីក្រោយឡើយគឺមានតែខ្លួនមួយដើរក្នុងសង្គម!  អ្វីដែលខ្ញុំផុសគឺសុំឲ្យធ្វើការបកស្រាយជួយបំភ្លឺបន្ថែម បើឆ្លើយបានមិនបានជាសិិទ្ធិរបស់ប្រធាន បើការលាឈប់របស់ខ្ញុំ និយាយពីមូលហេតុនិងសំណូមពរអត់បានត្រូវគេប្តឹងទៀតនោះ ខ្ញុំក៏មិនខ្លាចដែរ ខ្ញុំក៏សុំមេធាវីម្នាក់ការពារជនក្រក្រី មកការងារក្តីឲ្យខ្ញុំដែរ ព្រោះខ្ញុំជនក្រីក្រ ជាសិល្បៈក្រីក្រ គ្មានលុយ គ្មានអំណាចអាងខ្នងដូចគេទេ ។ ចង់និយាយថាមួយជីវិតខ្ញុំមិនចេះខ្លាចគេទេ ..! . ជីវិតកើតមកសម្រាប់ស្លាប់ទៅវិញទេ.. មុននិងក្រោយក៏គង់តែងាប់ដូចតែគ្នា គ្មានអ្នកណាគេចពីសេចក្តីស្លាប់បានទេ កើត ចាស់ ឈឺស្លាប់  ហើយក៏មិនចង់ឈ្នះអ្នកណាដែរ …ខ្ញុំខ្លាចណាស់ ..ខ្ញុំខ្លាចគេប្តឹងណាស់…ចឹងមានតែទុកឲ្យអ្នកណាគេចង់ឈ្នះចាញ់ប្តឹងចុះ ចាំខ្ញុំដើតាមក្រោយ ។

 

លោក ហេង ឡុង  លោកបានស្នើឲ្យឈ្មោះ អ៉ឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលខ្លួនបាននិយាយ ហើយថែមទាំងព្រមានថា បើក្នុង២៤ម៉ោង បើមិនមានភស្តុតាងទេ និងមិនសុំទោសជាសាធារណៈទេ លោកដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម៕

អត្ថបទដែលជាប់ទាក់ទង