រថយន្តLEXUS 570 ពាកផ្លាកលេខ រដ្ឋ០៦ 2-4699 បុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់
ប៉ៃលិន៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងម៉ូតូសណ្តោងរ៉ឺម៉កដឹកគោ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃចន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែកចូលអូខ្យងក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សឺក គឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ដល ខេត្តបាត់តំបង បើកបរម៉ូតូម៉ាកWAVE ពណ៌ទឹកប៉ិច សណ្ដោងរ៉ឺម៉ក គ្មានផ្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថារថយន្តបង្កម៉ាក LEXUS 570 ពណ៌ក្រហម ពាកផ្លាកលេខ រដ្ឋ០៦ 2-4699ខូចខាតស្រាល។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនូវនឹងកន្លែងកើតហេតុ។ មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នមិនមើលឧបសគ្គពីខាងមុខ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដ និងរ៉ឺម៉កត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកមករក្សាទុកនូវស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីរងចាំដោះស្រាយ ៕