ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតី ក្នុងពិធីរំលឹកខួបទី២៥នៃការបង្កើតសមាគមនិកាយចិនទៀជីវនៅកម្ពុជា

274

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបទី២៥ នៃការបង្កើតសមាគម និកាយចិនទៀជីវនៅកម្ពុជា រាត្រីថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកោះពេជ្រ ។
ក្នុងឱកាសនោះលោកជំទាវ ម៉ែន សំអន បានមាន ប្រសាសន៍ថា៖ ពិធីរំលឹកខួបទី២៥នេះ មានគោលបំណងពង្រឹងសាមគ្គីភាពរវាងបងប្អូនចិនទៀជីវ ជាមួយនឹងបងប្អូនខ្សែស្រឡាយ ចិនជាមួយនឹងបងប្អូនខ្មែរ បង្កើននូវចំណងមិត្តិភាពរវាងប្រទេសកម្ពុជា-ចិន ឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត និងបានចែក រំលែកព័ត៌មានស្តីពីការអភិវឌ្ឍ និងទិសដៅរបស់សមាគមផងដែរ ។
លោកជំទាវបានកោតសរសើរចំពោះសមាគម ក្រោមការដឹកនាំរបស់ លោក ឡាវ ម៉េងឃីន តាមរយៈ ការចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញសកម្មភាព វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធុរកិច្ច និងជួយឧបត្ថម្ភក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ ។ ក្នុងនោះសមាគមនិកាយចិនទៀជីវ ក៏បានចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
ក្នុងនោះ លោក ឡាវ ម៉េងឃីន និងលោក ស្រីជឹង សុភាព ក៏បានបរិច្ចាកនូវដីមួយកន្លែងទំហំ ១៣.០ ០០ម នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញរួមទាំងថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ចូល រួមក្នុងការសាងសង់សាកលវិទ្យាល័យទួនហ្វា ដែល បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ និងចូលរួមថវិកាក្នុងការ សាងសង់អគារទីស្នាក់ការសមាគមផងដែរ ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង