ធនាគារជាតិ នឹងប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីក្លាយខ្លួនជាប្រទេស ដែលប្រើប្រាស់ក្រដាសប្រាក់តិចជាងមុន
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងបានធ្វើបទបង្ហាញស្តីពី “បទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ប្រព័ន្ធបាគង ដើម្បីក្លាយខ្លួនជាប្រទេសដែលប្រើប្រាស់ក្រដាសប្រាក់តិចជាងមុន” ក្នុងសន្និសីទធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមធនាគារអាស៊ានលើកទី៤៩ នៅសណ្ឋាគារសុខា ភ្នំពេញ។
សន្និសីទនេះមានការចូលរួមពីអគ្គលេខាធិការដ្ឋានអាស៊ាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងស្ថានទូតបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា និងសមាជិកសមាគមធនាគារអាស៊ាន សរុបប្រមាណជាង៥០០នាក់។
សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមទស្សនទាន “ការតភ្ជាប់អាស៊ានឆ្នាំ២០២៥: ពិភពលោកដ៏ក្លៀវក្លាថ្មីមួយនៃការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់វិស័យធនាគារអាស៊ានតែមួយ” ដែលមានគោលបំណងពិភាក្សាលើការធ្វើកំណែទម្រង់ប្រព័ន្ធឌីជីថលសម្រាប់សេវាធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់ ក្នុងន័យពង្រឹងការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនក្នុងតំបន់អាស៊ាន៕