បណ្តុះបណ្តាលអ្នកកាសែត ពី ការអង្កេត និងប្រមូលព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ
ភ្នំពេញ : ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (wcs) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “ការអង្កេត និងប្រមូលព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ” ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេលពេញមួយព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់១។
លោកលាង ដឺលុច នាយកប្រតិបត្តិ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានថ្លែងថា គោលបំណងនៃសិក្ខាសាសាលានេះ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ ទាក់ទងនឹងការស្កាត់ការជួញដូរសត្វព្រៃ ។ ចែករំលែកបទពិសោធន៍ការងាររបស់ភ្នាក់ងារអនុវត្តច្បាប់ ក្នុងចំណាត់ការទប់ស្កាត់ការជួញដូរសត្វព្រៃ និងការស៊ើបអង្កេតករណីជួញដូរសត្វព្រៃ។ និងកសាងសមត្ថភាពដល់អ្នកសារព័ត៌មាន អំពីរបៀបអង្កេតនិងប្រមូលព័ត៌មាន ទាក់ទងនឹងការជួញដូរសត្វព្រៃ និងវិធីសាស្រ្តសរសេរព័ត៌មាន បែបស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈ។
ទាក់ទងនឹងប្រធានបទនេះ ក្នុងគោលបំណង បង្ហាញដល់អ្នកសារព័ត៌មាន ស្ដីពីស្ថានភាពទូទៅ នៃការជួញដូរសត្វព្រៃ និងច្បាប់ពាក់ព័ន្ធនឹង ការជួញដូរសត្វព្រៃ បទពិសោធន៍របស់ភ្នាក់ងារ អនុវត្តច្បាប់ប្រឆាំង នឹងការជួញដូរ និងស៊ើបអង្កេត ការជួញដូរសត្វព្រៃ នៅកម្ពុជា។
ក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារសំខាន់ សម្រាប់អ្នកសារព័ត៌មានទូទៅ ដែលកំពុងបំពេញ វិជ្ជាជីវៈ ក្នុងការបង្កើនសមត្ថភាព ស្វែងរកព័ត៌មាន រាយការណ៍ព័ត៌មាន ទាក់ទងនិងការជួញដូរ សត្វព្រៃនៅកម្ពុជា ។
លោកពុយ គា អគ្គលេខាធិការ ក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា សិក្ខាសាលានេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCF) ក្នុងគោលបំណង បង្កើនចំណាប់អារម្មណ៍ របស់អ្នកសារព័ត៌មាន និងបង្កើនការផ្សព្វផ្សាយអំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងជំរុញឲ្យស្ថាប័នរដ្ឋាភិបាលធ្វើការឆ្លើយតបឲ្យបានកាន់តែប្រសើរឡើង ជុំវិញបញ្ហាបទល្មើសជួញដូរសត្វព្រៃ។ ម្យ៉ាងទៀតសិក្ខាសាលា នេះ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនឲ្យបានកាន់តែទូលំទូលាយអំពីបទល្មើសជួញដូរសត្វព្រៃ ដែលត្រូវបានចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរ។ តាមការរំពឹងទុកព័ត៌មាន ស្តីពីបទល្មើសជួញដូរសត្វព្រៃ ត្រូវបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្រើនជាងមុន ហើយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធនឹងធ្វើការឆ្លើយតប ទៅនឹងបទល្មើសជួញដូរសត្វព្រៃកាន់តែសកម្ម និងមានប្រសិទ្ធភាពជាងមុន ហើយសាធារណជនទទួលបាន ព័ត៌មានច្រើនជាងមុន អំពីបទល្មើសជួញដូរសត្វព្រៃ និងចំណាត់ការរបស់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។
លោក ពុយ គា បានលើកឡើងថា កន្លងមកអ្នកសារព័ត៌មាន មានបញ្ហាក្នុងការរាយការណ៍ទាក់ទងបញ្ហាសត្វព្រៃនេះ ដោយសារតែកន្លងមកមិនមែនតែសត្វព្រៃទេ ដែលត្រូវគេចាប់សត្វក្នុង ទឹកក៏ចាប់ដែរ ដូចជាសត្វអណ្តើកជា ដើម។ ដូច្នេះការជួបពិភាក្សាគ្នានាពេលនេះ មានសារសំខាន់ណាស់ ដើម្បីស្វែងរកព័ត៌មានពិតមួយក្នុងការរាយការណ៍ព័ត៌មាន។ លោកថា ការជួញដូរសត្វព្រៃលើពិភពលោក ក្នុងមួយឆ្នាំប្រមាណ ២ពាន់លានដុល្លារ។
តំណាងអង្គការសត្វព្រៃបានលើកឡើងថា ការជួញដូរសត្វព្រៃ ត្រូវបានគេចាត់ទុកថាជា បទល្មើសឆ្លង ដែនមួយក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើន ដែលអាចរកប្រាក់បានច្រើន បំផុតនៅក្នុងពិភពលោក ។ ការជួញដូរសត្វព្រៃ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែង ដ៏ធ្ងន់ធ្ងរបំផុត ចំពោះសត្វព្រៃនៅទូទាំងពិភពលោក ធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ ចម្លងជំងឺដល់មនុស្ស និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ការជួញដូរសត្វព្រៃគួរត្រូវបានគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរមួយ ដូចគ្នាទៅនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរអាវុធផងដែរ។
សូមបញ្ជាក់ថា បើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីសម្រេច គឺពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាសម្បត្តិរបស់រដ្ឋ និងជាសមាលភាជនៃធនធានព្រៃឈើដែលរួមមាន : ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ បាណកសត្វ និង សព្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា ។ ពពួកសត្វ ព្រៃទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និង ការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និង សត្វបង្កកំណើតក្នុងទឹក ៕