អកុសលបាក់ស្នួរ ធ្លាក់បុរសម្នាក់ ពីលើដើមត្នោត ស្លាប់ចោលប្រពន្ធ និងកូន
ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោមដើមត្នោត ខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀត តែអកុសលស្នួរបាក់បណ្តាលឲ្យធ្លាក់មកដីស្លាប់ បន្សល់ទុកកូនប្រុសស្រី៣នាក់ ឲ្យប្រពន្ធមើលថែ។
ករណីស្លាប់ធ្លាក់ពីលើដើមត្នោតនេះ បានកើតឡើងកាលពីវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា៖ ដោយមានពលរដ្ឋរាយការណ៍មកថា មានមនុស្សធ្លាក់ពីលើដើមត្នោត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តទៀតថា៖ ជនរងគ្រោះខាងលើ នៅមុនពេលកើតហេតុ បានឡើងយកទឹកត្នោតដូចសព្វមួយដង ហើយនៅវេលាកើតហេតុដោយដើរឆ្លងស្នួរ ទៅដើមមួយដែលចងស្នួរ សម្រាប់ឆ្លងទៅមក តែជាអកុសលបានបានបាក់ស្នួរ បណ្តាលឲ្យជនរងគ្រោះធ្លាក់មកក្រោម និងបានស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះដែលបានស្លាប់ក្នងហេតុការណ៍នេះ មានឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បើងត្នោត ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុមានប្រពន្ធឈ្មោះ សោម សារឿន អាយុ ៥៥ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះ និងមានកូនប្រុសស្រីចំនួន៣នាក់។
ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើកាពិនិត្យនិងតាមសម្តីក្រុមគ្រួសារសព បានប្រាប់ថា សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារធ្លាក់ពីលើដើមត្នោត ពិតប្រាកដមែន ហើយសមត្ថកិច្ចប្រគល់សព ឲ្យទៅខាងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ វ៉ៃកូ