ជូនប័ណ្ណសរសើរនិងថវិកាលើកទឹកចិត្តដល់អង្គភាពមានស្នាដៃល្អក្នុងការអនុវត្ត,គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោប្រគល់នូវប័ណ្ណសរសើរ និងលិខិតសរសើរ ព្រមទាំងថវិកាលើកទឹកចិត្ត ដល់រដ្ឋបាលសង្កាត់ និងនគរបាលរដ្ឋបាលទាំង១២ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់លោកស្រីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១២ មេភូមិទាំង៨១ និងនាយកសាលាទាំងអស់ក្នុងខណ្ឌ។ ជាមួយគ្នាក៏បានប្រកាសចូលបម្រើការងាររបស់មន្ត្រីចំនួន២រូប នៃការិយាល័យច្រកចេញចូលតែមួយផងដែរ។
ក្នុងកិច្ចប្រជុំនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានកោតសរសើរដល់រដ្ឋបាលសង្កាត់ និង នគរបាលប៉ុស្តិរដ្ឋបាលទាំង១២ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពកន្លងមកធានាបានល្អបញ្ហាសន្តិសុខ សុវត្ថិភាពនៅតាមភូមិនិងសង្កាត់ទាំង១២នៅមូលដ្ឋាននិមួយៗធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ។លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោក៏បានណែនាំដល់ណែនាំផងសំណូមពរផងសូមឱ្យរដ្ឋបាលសង្កាត់ និង នគរបាលប៉ុស្តិរដ្ឋបាលទាំង១២បន្តសកម្មភាពអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែប្រសើរជាងមុនផ្ដល់ទំនុកចិត្តជូនប្រជាពលរដ្ឋថែមទៀត៕





