ព្រឹត្តិការណ៍សិល្បៈដ៏ធំនៅព្រលានជល់ដំរី ដើម្បីអបអរសាទខួប១ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបី នៃមនុស្សជាតិ
នារាត្រីថ្ងៃទី២៨ វិច្ឆិកាឆ្នាំ២០១៩នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» នៅព្រលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ននៃខេត្តសៀមរាប ដើម្បីអបអរសាទខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រលិល្បៈ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ ។ លោកស្រីបន្តថា ព្រឹត្តិការណ៍សិល្បៈនៅថ្ងៃនេះ តាមការផ្សព្វផ្សាយតាមរយៈភ្ញៀវទេសចរអន្តរជាតិ បណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៍ ពិភពលោកនិងបានឃើញពីតម្លៃ ល្ខោនខោលកម្ពុជា តម្លៃមនុស្សជាតិ ហើយនេះជាបំណងដែលយើងគ្រប់គ្នាចង់បាន។ លោកជំទាវបានបញ្ជាក់ថា បើតាមការគ្រោងទុកព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមនុស្សមានការចូលរួមហួសការរំពឹងទុក ប្រមាណ១ម៉ឺននាក់ឯនោះ។ កត្តាទាំងនេះបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានខ្ពស់ក្នុងការការពារ លើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរយ៉ាងខ្លាំងខ្លា។
លោកស្រី បានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាព គាំទ្រឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូបែប ដែលដូតាខ្មែរយើងបន្សល់ទុកឱ្យ នៅបានយូអង្វែងទៅមុខទៀត ។ លោកជំទាវ ភឿង សកុណា បញ្ជាក់ទៀតថា នៅឆ្នាំក្រោយព្រឹត្តិការណ៍នេះ មិនត្រឹមតែរៀបចំដោយក្រសួងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនិងមានយុវជនឬវិស័យឯកជនជាច្រើនទៀត រៀបចំនៅតាមគោលដៅផ្សែងៗគ្នា។
សូមបញ្ជាក់ថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ ការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ។ បច្ចប្បន្ននេះកម្ពុជា មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចំនួន៥ ហើយត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះមានរបាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ ចាប៉ីដងវែង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងល្ខោនខោលវត្តស្វាយអណ្ដែត ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕