ស្នើឲ្យនាយទាហានត្រៀមលក្ខណៈអនុវត្តភារកិច្ច ដែលរាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រគល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ សម្ដេចពិជ័យសេនា បានស្នើឲ្យនាយទាហាន មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងស្មារតីសម្រេចឆន្ទៈ គោរពក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងគ្រប់គ្រងចំនួនទ័ព ឲ្យធានាបានទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមលក្ខណៈអនុវត្តភារកិច្ច ដែលរាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រគល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវការកោតសរសើរដល់នាយទាហាន មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានខិតខំពុះពារអនុវត្តភារកិច្ចសម្រេចបានជោគជ័យ ក្នុងរយៈពេល៥ ឆ្នាំ កន្លងមកនេះ។ សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា៖ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួង ការពារជាតិ បានយកចិត្តទុកដាក់ធ្វើការកែទម្រង់កាន់តែស៊ីជម្រៅថែមទៀត ទាំងរចនាសម្ព័ន្ធចាត់តាំង តួនាទីភារកិច្ច តាមរយៈការអភិវឌ្ឍ ធនធានមនុស្សឲ្យមានជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព ប្រកបដោយប្រសិទ្ធភាព បានលើកកម្ពស់គុណភាពការងារ ប្រកបដោយការទទួលខុសត្រូវ និងបានធ្វើការកែប្រែឥរិយាបថបត់បែន ប្រកបដោយភាពឈ្លាសវៃ តាមស្ថានភាពប្រទេសជាតិមានការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យ ដែលជា ការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ សំដៅបម្រើជាតិ និងប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ដោយទឹកចិត្តមោះមុត មានភក្តីភាព និងមានសីលធម៌វិជ្ជាជីវៈ។ ក្រសួងការពារជាតិនៅតែចាត់ទុកការងារគ្រប់គ្រងចំនួនទ័ព គឺជាអាទិភាពដ៏សំខាន់បំផុត សម្រាប់បម្រើឲ្យវិស័យការពារជាតិ។
ចំពោះមុខនេះ កងយោធពលខេមរភូមិន្ទ ត្រូវខិតខំលើកកម្ពស់គុណភាព សមត្ថភាពរបស់ខ្លួនឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ស្របតាមសភាពការណ៍ជាតិ អន្តរជាតិ មានការវិវត្តរីកចម្រើននៅក្នុងដំណាក់កាលថ្មី ដូចនេះ ត្រូវពង្រឹងស្មារតីសម្រេចឆន្ទៈ គោរពក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងគ្រប់គ្រងចំនួនទ័ព ឲ្យធានាបានទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមលក្ខណៈអនុវត្តភារកិច្ច ដែលរាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ប្រគល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យនាយទាហានទាំងអស់ ដែលធ្វើជាសេនាធិការជូនមេបញ្ជាការគ្រប់ជាន់ថ្នាក់ លើការងារបុគ្គលិកត្រូវយកចិត្តទុកដាក់លើកកម្ពស់ ការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកង យោធពលខេមរភូមិន្ទ ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, បាវចនា២របស់សម្តេចតេជោ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអនុសាសន៍សំខាន់ៗ១០ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២០ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងមក ។
សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិស ដៅការងារសម្រាប់ ៥ឆ្នាំបន្ត (២០២០-២០២៤) បានប្រារព្ធពិធីបិទនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។