បើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដួលប៉ះជាមួយរថយន្តច្នៃកិនស្លាប់
បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈពេលបើកបរម៉ូតូវ៉ាជែងគោយន្តច្នៃ ជួបឧបសគ្គខាងមុខជាប់ហ្វ្រាំងដួលម៉ូតូខ្ទាតចូលក្រោមរថយន្តច្នៃកិនបែកក្បាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យដឹងថា៖ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជីប រី ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិភ្នំឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរី២០១៧ ពាក់ស្លាកលេខ ប.មានជ័យ 1S-7804 ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ចំណុចមុខសាលាបឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី បានឡើងវ៉ាជែងគោយន្តច្នៃដឹកផ្លែឪឡឹក ស្របពេលនោះ មានរថយន្ត១គ្រឿងមកពីមុខ ក៏បានចាប់ហ្វ្រាំង បណ្តាលដួលខ្ទាតមនុស្សប៉ះចំកង់រថយន្តច្នៃកិនក្បាលបែកស្លាប់ភ្លាមៗ ។ ចំណែកម្ចាស់រថយន្តច្នៃមិនត្រូវគេស្គាល់អត្តសញ្ញាណនោះឡើយ ក្រោយហេតុបានរត់គេចខ្លួនបាត់ ។
ចំពោះសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាបប្រណៃ ។ ចំណែកវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕