ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ បរិហាកេរិ៍្តជាសាធារណៈ និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ លើជនរងគ្រោះ២នាក់
កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣០វិច្ឆិកានេះ បានផ្សព្វផ្សាយព័ត៌មានថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ បរិហាកេរិ៍្តជាសាធារណៈ និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលកើតហេតុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ចំណុច ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ១.ឈ្មោះ ថោង ម៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ២.ឈ្មោះ សុខ ច័ន្ទវល័ក្ខ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ចំណែកជនសង្ស័យ ឈ្មោះ ឃុន វណ្ណស័ក្ក ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំបង់រៀវ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ (ឃាត់ខ្លួន)។ ជនសង្ស័យបានប្រើអាខោន Facebook ឈ្មោះ នាគភ្លើង ខ្លាប្រាំ និងលេខទូរសព្ទ ០១១៨៨៩១៨៩ / ០៨៨៨៨១៨៩៨៩។ ក្នុងពេលឃាត់ខ្លួននោះរូបនោះ សមត្ថកិច្ច បានយកហូតវត្ថុតាង ១-ទូរស័ព្ទ ៣គ្រឿង LG G-Stylo ពណ៌ខ្មៅ + ស ១គ្រឿង, ទូរស័ព្ទម៉ាក Metfone MF 6208 (ចុចពិល) ពណ៌ខ្មៅ+ក្រហម ១គ្រឿង, ទូរស័ព្ទម៉ាក Nokia 108 (ចុចពិល) ពណ៌ខ្មៅ ១គ្រឿង ២-កាបូបដៃមួយ ពណ៌ខ្មៅ
៣-សេចក្ដីចម្លងសំបុត្រកំណើត២ច្បាប់ ច្បាប់ដើម ១ ,ច្បាប់ចម្លង ១ , ៤-កិច្ចសន្យាព្រមព្រៀងផ្ដាច់សង្វាស់ ១ សន្លឹក ៥-សៀវភៅស្នាក់នៅថតចម្លង ១ សន្លឹក ៦-អត្តសញ្ញាណប័ណ្ណខ្មែរថតចម្លង ១ , ៧-កាតវីង ១ , ព្រះចំនួន ២អង្គ ១/ ធ្វើពីឈើ ,២/ ធ្វើពីលោហៈធាតុ (ស្ពាន់) ៨-កថាចំនួន ៣ (ស្ពាន់) ៩-រូបថត ៤x៦ ចំនួន ៨សន្លឹក ១០-អង្កាំខ្សែដៃធ្វើពី ថ្ម (ពណ៌ក្រហម)។
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ពីសភាពរឿងហេតុនេះថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៩នាទី ឈ្មោះ ឃុន វណ្ណស័ក្ក ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំបង់រៀវ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ហើយប្រើអាខោនហ្វេសប៊ុក ឈ្មោះ នាគភ្លើង ខ្លាប្រាំ ដោយ ឈ្មោះ ឃុន វណ្ណស័ក្ក តែងតែបង្ហោះ ចោទប្រកាន់ទៅលើជនរងគ្រោះ ដោយសរសេរជា អក្សរខ្មែរ និង រូបថតដោយចោទប្រកាន់ថា ជនរងគ្រោះមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ឈ្មោះ ថោង ម៉ុន និងបានផ្ញើសារគំរាមជនរងគ្រោះថា ( អញនិងហែកកេរិ៍្តនាង ឯងតាមយូធូបផង និងហ្វេសបុកផង ក្រុមភ្លេងផងដែលនាងឯងច្រៀង ) តាមរយៈលេខទូរស័ព្ទ ០១១៨៨៩១៨៩ / ០៨៨ ៨៨១៨ ៩៨៩ ថានិងបន្តបង្ហោះចែកចាយដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងការងាររបស់ជនរងគ្រោះ ។ បច្ចុប្បន្នឈ្មោះ ឃុន វណ្ណស័ក្ត ប្រើអាខោនហ្វេសឈ្មោះ នាគភ្លើង ខ្លាប្រាំ នៅតែបន្តបង្ហោះ តាមបណ្ដាញសង្គម ដោយជេរប្រមាថ និង គំរាមផ្សេងៗ ដូចមានក្នុងភស្ដុតាង ជនរងគ្រោះដាក់មក ។ ពេលសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងភ្លាម ក៏បានបើកការ
ស៊ើបអង្កត នាំខ្លួនឈ្មោះ ឃុន វណ្ណស័ក្ត ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចហ្ការាសសាំងតូតាល់(TOTAL) ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕