សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអប់រំសុវត្ថិភាពចរាចរណ៍តាមបណ្ដាភ្លើងស្តុបចំនួន៥កន្លែងក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ ទៀត និង មានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមបណ្ដាភ្លើងស្តុបចំនួន៥គោលដៅ ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ភ្លើង ស្តុបវត្តមហាមន្ត្រី ភ្លើងស្តុបផ្សារដេប៉ូ ភ្លើង ស្តុបអាងទឹក ភ្លើង ស្តុបអាំងទែកុងទីណង់តាល់ និង ភ្លើងស្តុបទួលទំពូង ។
លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងទៀតថាគោលបំណងនៃការចុះអប់រំសុវត្ថិភាពចរាចរណ៍នៅថ្ងៃនេះ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋយើងដែលគាត់ធ្វើដំណើរតាមដងផ្លូវនានាសូមមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ដូចជាភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ទាំងមូលក៏ដូចជាក្នុងប្រទេសកម្ពុជាយើងទាំងមូលមានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាពខ្ពស់ ។
សូមបញ្ជាក់ថា៖ តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៨៨លើក នៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១៤៩៤នាក់ ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់៣៣%, ការមិនគោរពសិទ្ធអទិភាព២៧%, ការមិនប្រកាន់ស្តាំ១៣%, ការវ៉ាជែង១០%, ការបត់៩%, ស្រវឹង៤%, កត្តាយាន្ត៣% និងងងុយ១% ។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៨០% គឺជាអ្នកបើកបរម៉ូតូ ៕