អភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញ អភិសេករូបសំណាកព្រះនាងគង្ហីង ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរ

ភ្នំពេញ ៖ រូបសំណាកព្រះនាងគង្ហីងដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើពិធីអភិសេកជាផ្លូវការហើយ ។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនទៀត។
រូបសំណាកនាងគង្ហីង ដែលពីមុននៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមកដោយបញ្ហាចរាចរណ៍បានរំកិលទៅដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ ហើយក្រោយមកទៀត អាជ្ញាធររាជធានីភ្នំពេញ ប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះ មកដល់ពេលនេះ បានបញ្ចប់ជាស្ថាពរហើយ ដែលរូបសំណាកថ្មីនិងទីតាំងថ្មីនេះ បានលើកសោភណ្ឌភាពរូបសំណាក់នាងគង្ហីង អោយខ្ពស់ជាង ស្ពានអាកាសថ្មើជើងដែលនៅក្បែរគ្នានោះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរចរក៏ដូចជាការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយមានការស្ថាបនា ស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង ។ប៉ុន្តែក្រោយពីការសាងសង់ស្ពានថ្មើរជើងនេះ បានធ្វើអោយរូបសំណាក់នាងគង្ហីងទាបជាងតួស្ពានទើប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអោយមានការកែសម្រួលឡើងវិញ ទាំង ពីកំពស់និងទីតាំង សំដៅធ្វើយ៉ាងណា ទាំងរូបសំណាកនាងគង្ហីងនិងស្ពានអាកាសថ្មើជើងត្រូវតែលេចឡើងជាមួយនិងសោភណ្ឌភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាចរណ៍ផងដែរ ធ្វើយ៉ាងណាកុំអោយមានការកកស្ទះ ព្រោះថា រង្វង់មូលនាងគង្ហីងនេះធ្លាប់ត្រូវបានកែសម្រូលចរាចរណ៍ជាច្រើនលើករួចមកហើយ។
លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា រូបសំណាកនាងគង្ហីងដែលបានស្ថាបនាឡើងថ្មីនិងបានធ្វើពិធីអភិសេកជាផ្លូវការ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានលក្ខណៈធំជាង ថ្មីជាងមុន ដោយមានកំពស់៧ម៉ែត្រ៤៧ បាតក្រោម៦ម៉ែត្រ បាតក្រោមដល់រូបក្រពើកំពស់២ម៉ែត្រ៦១ ។ រូបសំណាកនាងគង្ហីង ត្រូវបានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ពីខែមេសាហើយបានបញ្ចប់នៅតែតុលា ២០១៩ ។
តាមប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង តែងតែប្រារព្វពិធីខាងលើនេះ ក្រោយពីបានសាងសង់សមិទ្ធិផលថ្មីណាមួយ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ចំរើនរុងរឿង ហើយសមិទ្ធិផលថ្មីមួយនេះ វាពិតជាបានរួមចំណែកលើកកំពស់ប្រពៃណី វប្បធម៏ជាតិនិងជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕