ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ប្រណាំងម៉ូតូ លើវាលរាបលើកទី៤ ជោគជ័យកាន់តែខ្លាំង ខណៈកីឡាករការិនី យល់កាន់តែច្បាស់ពីលក្ខន្តិកៈប្រកួត

220

 

ភ្នំពេញ៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប អះអាងថា ព្រឹត្តិការណ៍ប្រណាំង២ថ្ងៃ លើទឹកដីបាត់ដំបងជោគជ័យកាន់តែខ្លាំង លើសការរំពឹងទុក ខណៈកីឡាករការិនីទាំងជាតិ និងអន្តរជាតិយល់កាន់តែច្បាស់ ពីលក្ខន្តិកៈនៃច្បាប់ប្រណាំង។

តំណាងក្រុមហ៊ុនKARAលោក វង់ គីម ហួត ទទួលបន្ទុកផ្នែកបច្ចេកទេស និងអ្នកសម្របសម្រួលក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ លើវាលរាបលើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACE បានបញ្ជាក់ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំង នាល្ងាចថ្ងៃអាទិត្យទី៨ ខែ ធ្នូ ឆ្នាំ២០១៩ម្សិលមិញថា ព្រឹត្តិការណ៍ប្រណាំងដែលដំណើរ រយៈពេល២ថ្ងៃនៅក្នុងទីលាន អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺបានបញ្ចប់ដោយភាពជោគជ័យ កាន់តែខ្លាំងជាង៣លើកកន្លងមក ខណៈលើកទី៤នេះ កីឡាករកីឡាការិនីចូលរួមប្រណាំង និងក្រុមជាងបច្ចេកទេសយល់កាន់តែច្បាស់ អំពីលក្ខន្តិកៈបច្ចេកទេស នៃច្បាប់ការប្រកួត ពិសេស គឺការចូលរួមសហការពីអាជ្ញាធរ បានយ៉ាងល្អប្រសើ និងអ្នកទស្សនាចូលរួមគាំទ្រច្រើនកុះករ ដែលជាការចូលរួមលើកទឹកចិត្តអ្នកប្រណាំង។ លោក បញ្ជាក់ទៀតថា ថ្វីដ្បិតពេលនេះ អត្តពលិកកីឡាករការិនី ប្រណាំងម៉ូតូកម្ពុជាយើង មិនទាន់ប្រជែងដណ្តើមបានលទ្ធផលល្អ ក្នុងវិញ្ញាសាប្រណាំងកម្រិតជំនាញខ្ពស់ ដែលមានកីឡាករបរទេសចូលរួមជាមួយក្តី ប៉ុន្តែកម្រិតសមត្ថភាព នៃការប្រកួតប្រជែង គឺមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងជាងឆ្នាំមុនៗ ពោលការប្រកួតប្រជែងមានភាពតានតឹងខ្លាំង មុននិងកីឡាករបរទេសទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោកក្នុងនាមក្រុមហ៊ុន KARA បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុនពាក់ព័ន្ធ និងវិស័យកីឡាយានយន្ត សូមចូលរួមគាំទ្រឧបត្ថម្ភ ដល់កីឡាករការិនីនៅក្នុងស្រុក ដើម្បីឲ្យកីឡាករយើង មានសក្តានុពលដូចកីឡាករ មកពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់។ លោក បានថ្លែងអំណរគុនដល់ក្រុមហ៊ុន TOTAL ដែលជាអ្នកឧបត្ថម្ភគាំទ្រធំ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងបណ្តាក្រុមមួយចំនួនទៀត ដែលបានជំរុញឲ្យព្រឹត្តិការណ៍ប្រណាំងនេះ បញ្ចប់ទៅដោយភាពជោគជ័យ។

កីឡាករម៉ាឡេស៊ី មហាម៉េតហ្វីទ្រី អាស្រាហ្វប៉ីនរ៉េស ដែលចូលរួមប្រណាំងបានលើកឡើងថា នេះជាលើកទី១ របស់ខ្ញុំមកប្រណាំងនៅកម្ពុជា ហើយខ្ញុំមើលឃើញថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងរបស់កម្ពុជានេះ ពិតជាល្អប្រកបដោយស្តង់ដារអន្តរជាតិ ដូចប្រទេសម៉ាឡេស៊ីដែរ។ លោក អះអាងថា ថ្វីដ្បិតតែពេលនេះកីឡាករកម្ពុជា មិនទាន់ប្រជែងជាមួយកីឡាករបរទេស ទទួលបានលទ្ធផលល្អក្តី តែលោក សង្ឃឹមថា ជំហានបន្តបន្ទាប់ទៀត កីឡាករកម្ពុជា និងរីកចម្រើន។ កីឡាករម៉ាឡេស៊ីនិយាយ នេះជាលើកដំបូងរបស់ខ្ញុំ មកប្រកួតនៅលើទឹកដីកម្ពុជា ខ្ញុំមើលឃើញពីការរៀបចំល្អ មានលក្ខណៈស្តង់ដារអន្តរជាតិ ដូចប្រទេសម៉ាឡេស៊ីដែរ។ ថ្វីថ្បិតការប្រកួតនេះ វាមិនទាន់មានកីឡាករបរទេស ចូលរួមប្រកួតច្រើន ដូចនៅប្រទេសថៃ និងវៀតណាមក្តី ប៉ុន្តែពេលខាងមុខ និងមានកីឡាករការិនី ចូលរួមប្រកួតច្រើនដូចគ្នា។ ចំពោះកីឡាករវិញ ទោះបីពេលនេះពួកគាត់ពុំទាន់ ទទួលបានលទ្ធផលល្អ ក្នុងវិញ្ញាសាប្រណាំងដែលមានពួកខ្ញុំ និងកីឡាករវៀតណាមប្រកួតក្តី តែខ្ញុំសង្ឃឹមជឿជាក់ថា ពួកគេ និងធ្វើបានល្អនៅពេលខាងមុខ។
ដោយឡែក កីឡាករកម្ពុជា ខុម ប៊ុនហាប់ បានបញ្ជាក់ថា នេះជាលើកទី៤ហើយដែលគេ បានចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងកម្រិតអន្តរជាតិ រៀបចំដោយក្រុមហ៊ុនKARA ហើយ គេរំពឹងជឿជាក់ថា ការប្រជែងជាមួយកីឡាករបរទេស និងផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឈាន ទៅដណ្តើមជោគជ័យការប្រណាំង នៅក្រៅស្រុកនៅពេលខាងមុខ។

ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូ លើវាលរាបលើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACEនេះ មិនត្រឹមតែជួយលើកម្ពស់អភិវឌ្ឍវិស័យប្រណាំងម៉ូតូ នៅកម្ពុជាឲ្យរីកចម្រើនប៉ុណ្ណោះនោះទេ ពោលព្រឹត្តិការណ៍នេះ ក៏បានបង្កើតការអប់រំផ្សព្វផ្សាយ ដល់អ្នកចូលទស្សនា អំពីច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការផ្តល់ឱកាសឲ្យយុវជនយុវនាទី និងប្រជាពលរដ្ឋ ចូលឆ្លើយសំណួរឈ្នះរង្វាន់ មួកសុវត្ថិភាពជុំវិញច្បាប់ចរាចរណ៍ ដែលដែលអ្នកបើកបរនៅតាមដងផ្លូវត្រូវដឹង និងចូលរួមគោរពផងដែរ។
សូមបញ្ជាក់ថា ការប្រណាំងម៉ូតូលើវាលរាប ឬ KARA Cup Race បង្កើតឡើងដំបូងនៅឆ្នាំ២០១៦ ធ្វើនៅកោះពេជ្រ រាជធានីភ្នំពេញ លើកទី១ លើកទី២ នៅព្រលានយន្ដហោះបាត់ដំបង ឆ្នាំ២០១៧ លើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ និងលើកទី៤ ធ្វើនៅអាកាសយានដ្ឋានខេត្តបាត់ដំបង៕

 

 

អត្ថបទដែលជាប់ទាក់ទង