ទិដ្ឋភាពសំខាន់១៣ចំណុច ត្រូវបានដេញដោល-ឆ្លងឆ្លើយ ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងកិច្ចប្រជុំព្រឹកនេះ
ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រតិភូខ្មែរក្រោក បានចូលរួមប្រជុំ ដេញដោលជាមួយប្រតិភូក្រសួងអប់រំក្រោមក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សា នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ក្រោយការឯកភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី អនុញ្ញាតតបតាមការអញ្ជើញរបស់យើងខ្ញុំ ព្រោះយើងខ្ញុំបានរកឃើញបញ្ហាមួយចំនួនក្រោមសមត្ថកិច្ចរបស់ក្រសួងអប់រំ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ យើងខ្ញុំបានលើកឡើងទិដ្ឋភាពសំខាន់ចំនួន ៧ចំណុចដូចខាងក្រោម ៖
១ ៖ យើងខ្ញុំទាមទារឲ្យក្រសួង ចាត់វិធានការបន្ទាន់ចំពោះភាពអសកម្ម បាតុភាពដែលកើតឡើងពីសំណាក់គ្រូបង្រៀនដែល គៀបយកលុយសិស្សតាមរបៀបរៀនគួរ , បង់ថ្លៃនេះថ្លៃនោះ , កូពីក្រដាស , និងយកតាមគ្រប់រូបភាព។
ករណីនេះ រដ្ឋមន្ត្រីបានទទួលស្គាល់ថា ពិតជាមានមួយចំនួននៅតាមទីក្រុង ហើយលោកកំពុងចាត់វិធានការតាម កម្មវិធីអប់រំថ្មី
២ បញ្ហាភាពជាប់គាំងលើការរៀបចំសៀវភៅ សម្រាប់កម្មវិធីអប់រំថ្មី ដែលមានការដាក់ប្រកាស ឲ្យប្រើហើយតែមិនទាន់បានសរសេរ។
ករណីនេះ រដ្ឋមន្ត្រីបានបញ្ជាក់ថា មកពីមានបញ្ហាដែលត្រូវដោះស្រាយ ជាមុនសិនគឺ របៀបបង្រៀន ដែលត្រូវពន្យល់ទៅគ្រូឲ្យចេះច្បាស់លាស់ លើវិធីបង្រៀនជាមុន ទើបចាត់ការបន្តកិច្ចការចុងក្រោយបន្តទៀត។
៣ មិនត្រឹមតែរឡងអប់រំទេ ចំពោះបញ្ហាកីឡា . គឺយើងសាកសួរ ចំពោះកម្រិតរបបឧបត្ថម្ភ និងអាហារបំប៉នសម្រាប់កីឡាករ ជម្រើសជាតិ ដែលធ្វើតាំងពីឆ្នាំ២០១២ ថាតើមានដំណើរការដល់ណាហើយ។
ករណីនេះ រដ្ឋមន្ត្រីបញ្ជាក់ថា កីឡាករជម្រើសជាតិមានប្រាក់ឧបត្ថម្ភ ជិត២លានរៀលជារៀងរាល់ខែ តែប្រាក់នោះ មិនអាចប្រគល់ឲ្យកីឡាករផ្ទាល់កាន់បានទេ ដោយមានអ្នកចាត់ចែងប្រាក់នោះជំនួស។
៤ បញ្ហាគុណភាពអប់រំ ព្រោះសាលារដ្ឋបច្ចុប្បន្ន ខ្វះឧបករណ៍ សាលារដ្ឋ ខ្វះខាតឧបករណ៍ច្រើនជងសាលាឯកជន ដែលហាក់បីដូចជាបានន័យថា វិស័យអប់រំ ផ្អែកលើលុយ មានលុយទើបទទួលបានសេវាអប់រំ ដែលមានគុណភាព នឹងឧបករណ៍គ្រប់គ្រាន់ ឯអត់លុយទទួលបានសេវាអប់រំ ដែលខ្វះគុណភាព ព្រោះរៀនតែទ្រឹស្ដីគ្មានឧបករណ៍អនុវត្តន៍។
ករណីនេះ រដ្ឋមន្ត្រីថា គាត់មិនទទួលស្គាល់ទេ សំខាន់លើគ្រូពូកែ , ហើយរឿងឧបករណ៍វិញ គឺមានការខ្វះខាត ឯសម្ភារៈទំនើបក្នុងថ្នាក់រៀន ទាល់តែមាតាបិតាសិស្ស មានចិត្តចូលរួមជួយទិញដាក់ ព្រោះបញ្ហាចោទ គឺខ្វះខាតថវិកាតែម្ដង។
៥ បញ្ហាកង្វះវិន័យក្នុងសាលា ដែលនាំឲ្យសិស្សខ្វះក្រមសីលធម៌ និងសិស្សមួយចំនួនមានចរិតប៉ោឡែ។
ករណីនេះ រដ្ឋមន្ត្រីថា ត្រូវពង្រឹងចាប់ពីនាយកសាលា ឲ្យមានផែនការច្បាស់លាស់លើការគ្រប់គ្រង និងត្រូវចូលរួមពីមាតាបិតាសិស្ស។
៦ ករណី នាយកសាលាមួយ និងនាយករង នៅវិទ្យាល័យហ៊ុនសែនឈើតុំ ដែលបានឃុបឃិតស្នើដកលោកគ្រូម្នាក់ ដែលខ្លួនមិនពេញចិត្ត (ករណីនេះយើងខ្ញុំនឹងទំនាក់ទំនងផ្ទាល់ដើម្បីឲ្យ លោក រដ្ឋមន្ត្រីដោះស្រាយ )។
៧ សំណើឲ្យមានវិធានការតឹងរ៉ឹងទប់ស្កាប់ ការសូកលុយប្រឡងចូលធ្វើគ្រូ និងសូមឲ្យជំរុញដល់គ្រូបង្រៀនជាមន្ត្រីកិច្ចសន្យា ដែលបានបំពេញគ្រប់លក្ខខណ្ឌឲ្យបានទទួលក្របខ័ណ្ឌរបស់រដ្ឋ ។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១ថ្ងៃត្រង់ ប្រកបដោយបរិយាកាសរលូន , សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូ គណបក្សខ្មែរក្រោក នឹងខិតខំឲ្យអស់លទ្ធភាព ក្នុងការចូលរួមរិះគន់ស្ថាបនា ជំនួសប្រជាពលរដ្ឋ និងចូលរួមកែទម្រង់ លើគ្រប់វិស័យ ដើម្បីឲ្យទទួលបាននូវលទ្ធផលល្អប្រសើរសម្រាប់សង្គម។
ពិតណាស់ក្នុងកិច្ចប្រជុំ ជាមួយក្រសួងអប់រំ ពិតជាក្នុងឋេរវេលាមួយវែងជាងបណ្ដាក្រសួងដទៃ ព្រោះកត្តាចំណេះដឹងតែមួយគត់ ដែលកំណត់វាសនារបស់កម្ពុជាយើង។
កម្ពុជាត្រូវការពលរដ្ឋប្រកបដោយចំណេះដឹង និងស្មារតីទទួលខុសត្រូវ ចំពោះការចូលរួមចំណែកកសាងសង្គមជាតិ។
នៅក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជាស្នើចំនួនចំណុច៦ដល់ លោកហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន នឹងកីឡា។
តាមរយៈហ្វេសបុករបស់ប្រធានប្រតិភូបក្សយុវជនកម្ពុជា បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកនេះ លោក ពេជ្រ ស្រស់ បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងអប់រំយុវជន នឹងកីឡា ចំនួន៦ចំណុចរួមមាន៖
១. សុំឲ្យសិស្សសាលាមានសិទ្ធិពេញលេញ នៅក្នុងការជជែកគ្នា ពីរឿងនយោបាយពេលម៉ោងសម្រាក ក្នុងសាលារៀនបើពួកគេចង់ជជែកគ្នា។
២. កំណត់ស្ថានភាពជាក់ស្តែងក្នុងការរៀនគួរ និងគួរបញ្ឈប់ការរៀនគួរ ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ ហើយងាកមកពង្រឹងគុណភាព នៃការបង្រៀនក្នុងម៉ោងរបស់រដ្ឋវិញ ពីព្រោះថាការរៀនគួរខុសរបៀបបែបនេះ គឺធ្វើឲ្យមាតាបិតាសិស្ស គ្មានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀន ដោយហេតុកូនសិស្សត្រូវគ្រូបង្ខំឲ្យរៀនគួរ តាមរយៈការដាក់ពិន្ទុទាបឬធ្លាក់តែម្តង បើសិនជាកូនសិស្សនោះមិនរៀនគួរ កត្តានេះធ្វើឲ្យកូនសិស្សជំរិតទាប្រាក់ពីឪពុក ម្តាយយកទៅរៀនគួរ។
៣.បង្កើតនូវកម្មវិធីពិនិត្យទឹកនោមសិស្ស នៅថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ ដើម្បីស្វែងរកសារធាតុញៀន រៀងរាល់៣ខែម្តង សម្រាប់ជំហ៊ានដំបូង គឺដើម្បីបង្ការ និងទប់ស្កាត់សិស្សសេពគ្រឿងញៀន។
៤.រឹតបន្តឹងការប្រឡងបញ្ចប់ថ្នាក់ទី៩ ដើម្បីពង្រឹងសមត្ថភាព សិស្សពីថ្នាក់អនុវិទ្យាល័យទៅ ក្នុងការធានានូវគុណភាព នៃការសិក្សារបស់សិស្ស និងបង្កើនគុណភាពធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
៥.ពង្រឹងគុណភាពរបស់គ្រូបង្រៀន នៅក្នុងម៉ោងបង្រៀនរដ្ឋ ដើម្បីលុបបំបាត់ ការបង្រៀនសិស្សក្រៅម៉ោង យកលុយខុសរបៀប ជាហេតុធ្វើឲ្យឪពុកម្តាយរបស់សិស្សកាន់តែក្រីក្រទៅៗ នាំឲ្យពួកគាត់បញ្ឈប់កូនមិនឲ្យទៅរៀនបន្តទៀតទេ។
៦.ខ្ញុំស្នើសុំរដ្ឋមន្រ្តីក្រសួងអប់រំជួយតម្លើងប្រាក់ខែ ជូនដល់លោកគ្រូអ្នកគ្រូយ៉ាងតិចគឺ ២ លានរៀលក្នុង១ខែ ដើម្បីលុបបំបាត់នូវការយកថវិកា ពី កូនសិស្សមិនសមហេតុផលនៅបណ្តាសាលារៀនមួយចំនួន នឹង ដើម្បី បង្កើននូវគុណភាព នៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងមានហេតុផល ដាក់ទណ្ឌកម្មទៅលើលោកគ្រូ អ្នកគ្រូណាមួយមិនខំយកចិត្តទុកដាក់ ក្នុងការបង្រៀនកូនសិស្សនៅក្នុងម៉ោងរដ្ឋ។
លោកថា ការស្នើសុំខាងលើនេះ ក៏មានមតិពីបងប្អូន ដែលបានផ្ញើមកខ្ញុំផងដែរ ហើយចំណុចខ្លះ ខ្ញុំមិនបានស្នើតាមសំណូមពររបស់បងប្អូន គឺមានប្រតិភូគណបក្សផ្សេង បានលើកឡើងរួចហើយនៅក្នុងកិច្ចប្រជុំ។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា គ្រាន់តែបង្កើតកម្មវិធីពិនិត្យទឹកនោមតាមអង្គភាពនានា តើចាំបាច់បង្កើតច្បាប់ ដើម្បីដាក់ឲ្យពិនិត្យដែរឬទេ…? ហើយការពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនជាការរំលោភសិទ្ធិមនុស្សដែរឬទេ…? បើយោងទៅតាមរដ្ឋមន្រ្តីក្រសួងអប់រំ ការដែលពិនិត្យទឹកនោម ស្វែងរកសារធាតុញៀនក្នុងសាលារៀន លើសិស្សរៀងរាល់ ៣ខែ
ម្តងគឺត្រូវតែបង្កើតច្បាប់ ហើយក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ…បើមិនបានបង្កើតច្បាប់ក្នុងការពិនិត្យស្វែងរកសារធាតុញៀន។ ខ្ញុំសុំអស់យោបល់ សូមទុកឲ្យបងប្អូនម្តង…។
លោកបានបញ្ជាក់ថា “ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ បានឆ្លើយសំណូមពរខ្ញុំដោយសង្ខេបថា ៖ ១. សិស្សមិនអាចជជែកគ្នាបានទេ
អំពីរឿងនយោបាយនៅក្នុងសាលារៀន ពីព្រោះច្បាប់បានហាមឃាត់ ហើយកន្លែងសាលារៀនគឺជាកន្លែងអព្យាក្រឹត ដូច្នេះបើ
ចង់ឲ្យសិស្សជជែកគ្នាអំពីរឿងបាយបាននៅក្នុងសាលារៀន គឺត្រូវវិសោធនកម្មច្បាប់ហាមឃាត់នោះចោលជាមុនសិន។ ២. សាលារៀនគ្មានលុយដើម្បីពិនិត្យទឹកនោម ស្វែង រកសារធាតុញៀន ក្នុងខ្លួនសិស្សបានទេ ហើយក៏ត្រូវបង្កើតច្បាប់ ដើម្បីពិនិត្យទឹកនោម
សិស្សក្នុងការស្វែងរកនូវសារធាតុញៀន លើខ្លួនសិស្ស ដោយរដ្ឋមន្រ្តីបានអះអាងថា បើពិនិត្យទឹកនោម របស់សិស្ស ដើម្បីស្វែងរកសារធាតុញៀន គឺប៉ះពាល់សិទ្ធិរបស់សិស្ស ៣. ការតម្លើងនូវប្រាក់ខែជូនលោកគ្រូអ្នកគ្រូ គឺ មិនអាចធ្វើបាននោះទេ
ដោយសាររដ្ឋាភិបាលគ្មានលុយ៕