កំពែង ខ្មៅ និង ហ៊ឹម គឹមរៀង លើសង្វៀនខារ៉ាបាវ សប្ដាហ៍នេះ
ភ្នំពេញ៖លើសង្វៀនខារ៉ាសបាវ របស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៤មករា២០២០ អ្នកប្រដាល់
កម្ពុជាហ៊ឹម គឹមរៀង ក្លិបតាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ណង ឡេក(Nong Lek)
ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
គឹមរៀង ជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ចំពោះអ្នកប្រដាល់ថៃ ណង ឡេកវិញនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួត នៅស្រុកខ្មែរ ។មិនមាន
នរណាដឹងថា អ្នកប្រដាល់ថៃរូបនេះ ខ្លាំងឬខ្សោយនោះទេ តែគេបានបង្ហាញរូបថត ដោយមានបំពាក់ខ្សែក្រវាត់ទៀតផង ។
ប្រសិនបើនេះ ជាខ្សែក្រវាត់ផ្ទាល់របស់គេមែននោះ បង្ហាញថាណង ឡេក មិនខ្សោយនោះទេ
ចំពោះគឹមរៀង គេជាអ្នកប្រដាល់មាឌតូចវ័យក្មេង ដែលមានរបៀបវ៉ៃល្អរហ័សគេ មានចិត្តធំទៀតផង។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន២៤ដង ឈ្នះ២០ដង និងចាញ់៤ដង ។
ចំពោះអ្នកប្រដាល់ថៃណង ឡេកវិញនោះ គេក៏ជាអ្នកប្រដាល់វ័យក្មេងដែរ ។អ្នកប្រដាល់រូបនេះ
មានប្រវត្តិប្រកួត ចំនួន៣៥ដង ឈ្នះ២៩ដង និងចាញ់៦ដង ។ជំនួបមួយនេះ មិនដឹងថា ជ័យជំនះបានទៅ
ហ៊ឹម គឹមរៀង ឬ បានទៅណង ឡេកនោះទេ ។
កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម ប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃមុជ ឈូ
រ៉ាច់ (Mouch Chourach) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
កំពែង ខ្មៅជាអ្នកប្រដាល់ដែល មានផ្លែវ៉ៃល្អតែកម្លាំងគេ ឆាប់ធ្លាក់ចុះណាស់ ។គេវ៉ៃល្អមែនតែ
គេការពារខ្សោយ ហើយបើគូប្រកួតខ្លាំងជាងនោះ គេវ៉ៃចេញមិនរួចតែម្ដង ។គេមានប្រវត្តិប្រកួតចំនួន
៤៥ដង ឈ្នះ៣៥ដង ចាញ់៨ដង និងស្មើពិន្ទុ២ដង ។
ចំពោះមុជ ឈូរ៉ាច់វិញ គេទើបតែឆ្លងដែនមកប្រកួត នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនដឹង
ថាគេមានក្បាច់គុន អស្ចារ្យ ឬ ក៏មកដើម្បីស្ពាយបរាជ័យ ទៅវិញនោះឡើយ ។អ្នកប្រដាល់ថៃរូបនេះមាន
ប្រវត្តិប្រកួត ចំនួន៥៨ដង ឈ្នះ៤៥ដង ចាញ់១៣ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ សៅ ជំនោរក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយសាំង គីម
ក្លិបអេភូថងកីឡា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ថន ភឿតក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយជ័យ ប៊ុន
សង់ក្លិបគីសែមានរិទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
រិទ្ធ ប្រាក់បិន្ដក្លិបកងពលតូចលេខ៧០ ដែលបាត់មុខយូរនោះ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នក
ប្រដាល់ស៊ុន ប៊ុនសាន់ក្លិបនាគរាជចតុមុខ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕