គ្រូបង្រៀន ម្នាក់ ត្រូវព្រះរាជអាជ្ញា និង ចៅក្រម បញ្ជូនយកទៅកាត់ទោស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
កំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកងមាស បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតមានការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ឈ្មោះ អ៊ូ ជាលី បញ្ជូនទៅតុលាការ ដោយចោទគ្រូបង្រៀនម្នាក់ បើករថយន្តបុកមនុស្សស្លាប់ នៅស្រុកកងមាស ហើយសវនាការជំនុំជម្រះ នៅថ្ងៃទី៤ ខែមីនា។
លោកផែង វណ្ណៈ បានឲ្យដឹងថា ជាគ្រូបង្រៀនម្នាក់ មិនបានប្រព្រឹត្តអ្វីខុសច្បាប់សោះ បែជាមករងគ្រោះ ត្រូវនគរបាលចាប់វ៉ៃខ្នោះផង ព្រះរាជអាជ្ញា និងចៅក្រមចោទប្រកាន់ផង និងរុញទៅកាត់ទោសថែមទៀត ថែមទាំងអស់លុយ ១០០០០ ដុល្លារ ដើម្បីតំកល់សុំនៅក្រៅឃុំ ( បើមិនតំកល់លុយ តុលាការឃុំខ្លួនដាក់ពន្ធនាគារ )។
ទោះបីម៉ោងនេះ ពេលនេះ លោកគ្រូ មិនទាន់មានទោសក៏ពិតមែន តែលោកគ្រូក្លាយជាជនជាប់ចោទរួចទៅហើយ ។ បើមន្ត្រីអនុវត្តច្បាប់ត្រឹមត្រូវ លោកគ្រូមិនអាចទទួលទណ្ឌកម្មបែបនេះទេ ? តែបើមន្ត្រីមិនយកច្បាប់ជាធំ លោកគ្រូ អាចត្រូវគេផ្ដន្ទាទោសដាក់គុកយ៉ាងអយុត្តិធម៌បំផុតក៏ថាបាន ។
លោកបន្តថា លោកគ្រូទ្រាំទៅ ធ្វើម៉េចបើច្បាប់ស្ថិតនៅលើអារម្មណ៍របស់បុគ្គលមន្ត្រីតុលាការទៅហើយនោះ ។ ខ្ញុំមិនអាចជួយអ្វីបានក្រៅតែពីការឈឺឆ្អាល និង ផ្សព្វផ្សាយព័ត៌មានស្វែងរកយុត្តិធម៌ជូនមន្ត្រីគ្មានកំហុសម្នាក់ដូចជាលោកគ្រូតែប៉ុណ្ណោះ ។ បើរូបភាព វ៉ៃខ្នោះទាំងនេះធ្លាក់ទៅលើមន្ត្រីនគរបាល ឬ មន្ត្រីតុលាការ វិញ តេីពួកគេមានអារម្មណ៍បែបណាដែរ ?
គ្រូបង្រៀនម្នាក់គ្មានកំហុសសោះត្រូវបានលោកព្រះរាជអាជ្ញា ហួត វុទ្ធី បញ្ជាឲ្យនគរបាលខេត្តកំពង់ចាម ចាប់វ៉ៃខ្នោះដៃ និងបន្ទាប់មកចោទប្រកាន់ថាជាជនបើកបរបង្ករគ្រោះថ្នាក់ចរាចរបណ្ដាលអោយមនុស្សស្លាប់ នៅភូមិ អង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ។
លោកបានបន្តថា “ឥឡូវលោកគ្រូ អ៊ូ ជាលី ត្រូវបានចៅក្រម និង ព្រះរាជអាជ្ញា បញ្ជូនយកទៅកាត់ទោស ។ សួរថា តើមន្ត្រីរាជការជាគ្រូបង្រៀនម្នាក់ ដែលគ្មានកំហុស ត្រូវគេចាប់វ៉ៃខ្នោះផង ចោទប្រកាន់ផង បញ្ជូនទៅកាត់ទោសផង ត្រូវនៅស្ងៀមឬ ? ច្បាស់ណាស់ថា យើងមិនអាចនៅស្ងៀមឈរឱបដៃមើលបុគ្គលអនុវត្តន៍ច្បាប់ ធ្វើអ្វីៗតាមអំពើចិត្តនោះទេ ។ គ្រូបង្រៀនគ្មានកំហុសដែលរងនូវអំពើអយុត្តិធម៌បែបនេះ ត្រូវតែតស៊ូតាមផ្លូវច្បាប់ផង តាមប្រព័ន្ធផ្សព្វផ្សាយផង ដើម្បីទាមទាររកយុត្តិធម៌មកវិញ “។
សមត្ថកិច្ចជំនាញរបស់ ក្រសួងមហាផ្ទៃ គឺ នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់ និង នាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ត្រ បានស្រាវជ្រាវ និង បានធ្វើកោសល្យ វិច្ច័យ ពិនិត្យស្លាកស្នាម រថយន្ដរបស់លោកគ្រូ អ៊ូ ជាលី រកឃើញថា រថយន្តរបស់លោកគ្រូ អ៊ូ ជាលី មិនមានការពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។
ប៉ុន្តែ អ្វីដែលឆ្ងល់ គឺ ព្រះរាជអាជ្ញា ហួត វុទ្ធី និង ចៅក្រម មិនទទួលស្គាល់របាយការណ៍របស់នគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ និង របាយការណ៍កោសល្យវិច័យ ពិនិត្យស្លាកស្នាមរថយន្ដ របស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ។ តើមានមូលហេតុអ្វីបានជា ព្រះរាជអាជ្ញា និង ចៅក្រម មិនទទួលស្គាល់របាយការណ៍របស់នគរបាលជំនាញក្រសួងមហាផ្ទៃ ?
ម្យ៉ាងទៀត របាយការណ៍បឋមរបស់នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម រួមទាំងសាក្សីនៅទីកន្លែងកើតហេតុផង មិនមានមូលដ្ឋានច្បាស់លាស់ទេ ហើយ នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ មន្ត្រីនគរបាលដែលចុះហត្ថលេខាលើរបាយការណ៍បឋមបញ្ជូនទៅ ព្រះរាជអាជ្ញា ក៏បានឡើងមកភ្នំពេញរួមគ្នាធ្វើលិខិតសុំការយោគយល់ពីលោកគ្រូ អ៊ូ ជាលី រួចហើយ ដោយបានបញ្ជាក់ថា ពួកគេមានការធ្វេសប្រហែសក្នុងការបំពេញភារកិច្ចហើយមានភាពចន្លោះប្រហោងលើនិតិវិធី ម្យ៉ាងទៀតព្រោះតែពេលវេលា និង ភូមិសាស្ត្រស្មុគស្មាញ ជាពិសេសយប់ងងឹតផង ទើបការបំពេញភារកិច្ចមិនបានត្រឹមត្រូវបណ្ដាលឲ្យមានការភាន់ច្រឡំកសាងសំណុំរឿងខុសដោយអចេតនា ។
សរុបសេចក្ដីមក របាយការណ៍បឋមរបស់នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ត្រូវបាន មន្ត្រីនគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម សារភាពពីកំហុសឆ្គងក្នុងការកសាងសំណុំរឿងរួចទៅហើយ ហើយ នគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ និង លទ្ធផលធ្វើ កោសល្យវិច័យ ពិនិត្យស្លាកស្នាមរថយន្ដ របស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា រថយន្តរបស់លោកគ្រូ អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។ តើ ព្រះរាជអាជ្ញា និង ចៅក្រម មានមូលដ្ឋានអ្វីដែលបន្តចោទប្រកាន់លើលោកគ្រូ រួចបញ្ជូនលោកគ្រូទៅកាត់ទោស ? តើយកគ្រូបង្រៀនគ្មានកំហុសទៅកាត់ទោសរបៀបម៉េច ?
លោកផែង វណ្ណៈ បានលើកឡើងថា “យើងខ្ញុំនឹងតាមដានករណីនេះរហូតទាល់តែលោកគ្រូ អ៊ូ ជាលី ទទួលបានយុត្តិធម៌ពិតប្រាកដមកវិញ “។
បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានលើកឡើងថា កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅសាលសវនាការ នៃសាលាដំបូងខេត្តកំពង់ចាម។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា សវនាការលើសំណុំរឿងព្រហ្មទណ្ឌ មិនមែនមានន័យថា ជនជាប់ចោទឈ្មោះ អ៊ូ ជាលី ពិតជាបានប្រព្រឹត្តនូវអំពើដូចការចោទប្រកាន់ ឬមានទោសនោះឡើយ ពោលសវនាការជាការសួរដេញដោល ក្នុងសវនាការជាសាធារណៈ ដើម្បីបង្ហាញអំពី តម្លាភាព និងយុត្តិធម៌ សម្រាប់គ្រប់ភាគីក្នុងចណុះរឿង ហើយលទ្ធផលនៃសវនាការផ្អែកតាម មាត្រា៣៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មានពីរប្រភេទ គឺតុលាការនឹងប្រកាសផ្ដន្ទាទោសតាមច្បាប់ បើពិនិត្យឃើញថា មានតម្រុយពិរុទ្ធភាព លើជនជាប់ចោទ។តុលាការនឹងប្រកាសឲ្យជនជាប់ចោទរួចខ្លួន ពីបទចោទ ប្រសិនបើពិនិត្យឃើញថា អំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ។
គួរជម្រាបថា កន្លងទៅអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏ធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មានម្ដងរួចមកហើយ ដោយសម្ដែងនូវការសោកស្ដាយ យ៉ាងខ្លាំងបំផុត ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រព័ត៌មានមួយចំនួន និងអ្នកវិភាគវែកញែក អ្នកបកស្រាយ តាមគេហទំព័រហ្វេសបុកមួយចំនួន ដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានប្រមូលគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី (ភាគីជនត្រូវចោទ ភាគីជនរងគ្រោះ និងតុលាការ) ដែលពាក់ព័ន្ធក្នុងសំណុំរឿង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ទុកថា អំពើនៃការបន្ដបកស្រាយនូវអង្គហេតុ ប្រៀបធៀបអង្គហេតុទៅលើបញ្ហាផ្សេងទៀត ដែលមិនពាក់ព័ន្ធក្នុងសំណុំរឿងការប្រគល់ ឬបង្ហាញនូវឯកសារសម្ងាត់ក្នុងសំណុំរឿងសម្រាប់ការផ្សព្វផ្សាយ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ក្នុងចេតនាបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ចៅក្រម អង្គចៅក្រម និងស្ថាប័នតុលាការ អាចប្រឈមនឹងការចោទប្រកាន់ តាមបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន៕