បំំផុសយុវជនឲ្យលេងកីឡា ជាចក្ខុវិស័យនៃការកសាងសង្គម
ភ្នំពេញ៖ ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជា មួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ សង្គមមានការអភិវឌ្ឍ ប្រកបដោយចីរភាពនិងសមធម៌ ទាមទារឲ្យ ពលរដ្ឋមានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និងមានការរស់នៅសុខដុមរមនា ទាំងក្នុងសង្គមជាតិ និង សង្គមគ្រួសារប្រកបដោយនិរន្តរភាព ។
ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យម សិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅរសៀលថ្ងៃទី២ មីនា ឆ្នាំ ២០២០ នៅក្នុងវិទ្យាល័យជា ស៊ីមបឹងកេងកង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លើយតបនិងចក្ខុវិស័យខាងលើក្រសួង អប់រំយុវជននិងកីឡា បាននិងកំពុងអនុវត្តកំណែទម្រង់អប់រំលើគ្រប់វិស័យ ឲ្យមានលក្ខណៈកាន់តែស៊ីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិនិងវិបុលភាព ស្របតាមដំណើរការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។
លោកបានបន្ថែមឲ្យដឹងថា ជោគជ័យនៃការប្រកួតនាពេលនេះ ជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វើឲ្យ មានការរីកចម្រើននូវសកម្ម ភាពអប់រំកាយ និងកីឡាទូទាំងប្រទេស ដែលជាសមាសភាពមួយនៅក្នុងសមាសភាពអប់រំ ទាំងប្រាំរបស់ក្រសួងអប់រំយុវជននិងកីឡា។
តាមរបាយការណ៍របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកតាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡា និងផែនការនៃការរៀបចំការប្រកួតកីឡាសិស្សប្រចាំឆ្នាំ បានកំណត់រៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៩-២០២០ លើប្រភេទកីឡា បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៥ ខែកុម្ភ: ដល់ថ្ងៃទី២ខែមីនានេះ ដែលមានសមាគមកីឡាសិស្សចូល រួមប្រកួតចំនួន៩១ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន១១៩៣នាក់ ក្នុងនោះកីឡាការិនីមានចំនួន ៣៥៨នាក់ ៕