រដ្ឋាភិបាល គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ មានបទល្មើសត្រូវតែបង្ក្រាប មិនមានអ្វីអល់អែកនោះទេ
ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កើតដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ មានបទល្មើសត្រូវតែបង្ក្រាប មិនមានអ្វីអល់អែកនោះទេ។ គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស សម្រាប់ដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ ជាក់ស្តែងឈើចំនួន៧.៣៨៥,៩០៧ម៉ែត្រត្រីគុណ នៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់។
លោកអេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងសាលើហ្វេសប៊ុកផ្លូវការថា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖ នាពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសង្កេតឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួន មានការផ្សព្វផ្សាយនូវព័ត៌មានដដែលៗ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់កន្ទុយនាគ ដូចជាមានអត្ថបទមួយចុះផ្សាយថា “រកឃើញឈើល្មើសច្បាប់ចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតំបន់កន្ទុយនាគ អាវុធហត្ថផ្ទៃប្រទេស អល់អែកអនុវត្តន៍ច្បាប់ ដោយមន្ត្រីជំនាញថាជាឈើចាស់”។
អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានសាជាថ្មីជ្រាបថា ក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះដល់តំបន់កន្ទុយនាគ ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ជាវិធានការ គឺបានចាប់យកឈើល្មើសច្បាប់ (មូលនិងឡាំងជ្រុង) សរុបចំនួន២.០៦៨កំណាត់ (ឆេះ១៨១កំណាត់) ប្រគល់ជូនអាជ្ញាធរថ្នាក់ខេត្តគ្រប់គ្រង ថែរក្សា ការពារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ យើងសូមបញ្ជាក់ថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កើតដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ មានបទល្មើសត្រូវតែបង្ក្រាប មិនមានអ្វីអល់អែកនោះទេ។
គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស សម្រាប់ដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ ជាក់ស្តែងឈើចំនួន៧.៣៨៥,៩០៧ម៉ែត្រត្រីគុណ នៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប។
សូមបញ្ជាក់ថា បើតាមការផ្សាយរបស់ វេបសាយ voidaily.com ថ្ងៃទី21 ខែមករា ថា កម្លាំងសមត្ថកិច្ចចម្រុះជាង២០០នាក់ ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅតំបន់កន្ទុយនាគ(ឧទ្យានជាតិវិរៈជ័យ)ខេត្តរតនគិរីចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវ រុករកបទលើ្មសព្រៃឈើនៅក្នុងតំបន់នោះ ដោយរកឃើញឈើល្មើសច្បាប់ ជិត២០០០កំណាត់ បើគិតជាចំនួនរាប់ពាន់ម៉ែត្រគូប តែហាក់នៅអល់អែកមិនទាន់សម្រេចចិត្តថានឹងចាត់វិធានការច្បាប់បែបណានៅឡើយទេ ដោយសារមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ វាយតម្លៃថាជាឈើចាស់ខូចគុណភាព ប្រើការមិនកើត ដែលធ្វើឲ្យមានការសង្ស័យថាជាការវាយតម្លៃនេះបង្កប់ដោយភាពខុសប្រក្រតី។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងចម្រុះម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូលរួមក្នុងបេសកកម្មប្រតិបត្តិការនេះ បានឲ្យដឹងថា ប្រភេទឈើធំៗចម្រុះ ត្រូវបានកងកម្លាំងរុករកឃើញនៅក្នុងទីតាំងជាច្រើនកន្លែង សរុបមានចំនួន១៨៨៧កំណាត់ ដោយចំនួន៩២២កំណាត់ រកឃើញក្នុងតំបន់ឧទ្យានជាតិវិរៈជ័យ ក្នុងស្រុកតាវែង (តំបន់កន្ទុយនាគ) ស្ថិតក្រោមការទទួលខុសត្រូវ និងការពារដោយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងចំនួន៩៦៥ដុំទៀត រកឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនស្រ៊ុននុភាសុភីក្នុងស្រុកអណ្តូងមាស ហើយបើតាមការប៉ាន់ស្មានជំហ៊ានដំបូងឈើខុសច្បាប់ ដែលបានរកឃើញទាំងអស់ គឺមានចំនួនរាប់ពាន់ម៉ែត្រគូបឯណោះ។
គំនរឈើជាច្រើនកន្លែង ដែលត្រូវបានកម្លាំងចម្រុះរុករកឃើញនេះ ភាគច្រើនគឺនៅចំណុចក្បែរបង្គាលព្រំដែនលេខ១០ ចំងាយប្រហែល១០គីឡូម៉ែត្រ ពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម ជាប្រភេទឈើចម្រុះ ប្រភេទលេខ១និងលេខ២ ដូចជា ប្រភេទឈើ គគីរ កកោះ ដួងចែម ត្រាច ផ្តៀក និងឈើទាល ដែលសុទ្ធតែមានប្រវែងជាមធ្យម១០ម៉ែត្រ និងមានមុខកាត់ធំៗ។
បើតាមសេចក្តីរាយការណពីជនជាតិវៀតណាមម្នាក់ឈ្មោះ ថ ដែលធ្លាប់រកស៊ីក្នុងតំបន់នោះ បានឲ្យដឹងថា ឈើទាំងអស់នេះក្រុមឈ្មួញជនជាតិវៀតណាម ត្រៀមដឹកចេញទៅកាន់ប្រទេសវៀតណាម នៅពាក់កណ្តាលខែមករា ព្រោះពួកគេបានឈូសឆាយផ្លូវរួចរាល់ សម្រាប់ចូលគ្រឿងចក្រមកដឹកឈើចេញ តាមក្បែរបង្គោលព្រំដែនលេខ១០ និងបានផ្តល់លុយរាប់សែនដុល្លារ ឲ្យមេឈ្មួញឈើល្បីឈ្មោះដុះស្លែម្នាក់ប្រចាំខេត្តរតនគិរី យកមករត់ការសូកប៉ាន់មន្ត្រីមានអំណាចពាក់ព័ន្ធក្នុងខេត្តនេះ ដូចប៉ុន្មានឆ្នាំមុនៗដែលពួកគេធ្លាប់បានធ្វើ។ ជនជាតិវៀតណាមរូបនោះបានឲ្យដឹងដែរថា ឈើទាំងនោះ ជាឈើចាស់ដែលគេកាប់កាត់ចុងកាត់គល់ប្រមូលទុកតាំងពីឆ្នាំមុន និងឈើមួយចំនួនសល់ពីការដឹកចេញវៀតណាម មិនទាន់កាលពីឆ្នាំ២០១៧។ តែកាលពីដើមឆ្នាំ២០១៨ ព័ត៌មានកាប់បំផ្លាញព្រៃនៅតំបន់កន្ទុយនាគត្រូវបែកការណ៍ ដោយត្រូវកម្លាំងអាវុធហត្ថផ្ទៃប្រទេសជាច្រើននាក់ ចុះបំពេញបេសកកម្មស្រាវជ្រាវ និងរុករកបទល្មើសព្រៃឈើ នៅក្នុងតំបន់នោះ ទើបសកម្មភាពដឹកឈើចេញទៅវៀតណាមទ្រង់ទ្រាយធំ ត្រូវបានផ្អាកមកទល់នឹងពេលនេះ។ ក្រៅពីនោះ នៅមានជនជាតិវៀតណាមចំនួន២ក្រុម លួចធ្វើសកម្មភាពធ្វើអាជីវកម្មរ៉ែមាស នៅទីតាំងផ្សេងៗគ្នាក្នុងបរិវេណ អតីតដីសម្បទានរបស់លោកឧកញ៉ាទ្រី ភាព តាំងពីឆ្នាំ២០១៦ ក្រោយពីក្រុមហ៊ុននេះប្រកាសប្រគល់ដីឲ្យរដ្ឋវិញ។ ការធ្វើអាជីវកម្មរ៉ែមាសពីសំណាក់ជនជាតិវៀតណាម នៅក្នុងតំបន់កន្ទុយនាគបានដោយរលូននេះ គឺទំនងមានការឃុបឃិតពុករលួយពីសំណាក់មន្ត្រីនគរបាលវរៈការពារព្រំដែន និងមន្ត្រីមានអំណាចនៅក្នុងខេត្តរតនគិរីនេះផងដែរ ក្រោមការសម្របសសម្រួលពីអតីតមេការក្រុមហ៊ុនឧកញ៉ាទ្រី ភាព ម្នាក់ឈ្មោះ បូរ ដែលជាអ្នកមើលការខុសត្រូវ មើលថែទាំនិងដាំដុះដំណាំនៅក្នុងដីក្រុមហ៊ុនមួយនេះ។
ជាក់ស្តែងព័ត៌មានឈ្មួញរកស៊ីឈើនៅខេត្តកន្ទុមប្រទេសវៀតណាម ឈូសផ្លូវក្បែរបង្គោលព្រំដែនលេខ១០ បំណងត្រៀមដឹកឈើខុសច្បាប់ចេញនៅពាក់កណ្តាលខែមករានេះ បានបែកធ្លាយ ដល់កម្លាំងអាវុធហត្ថទើប ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ហុង វិណុល ជាមេបញ្ជាការងដឹកនាំកម្លាំងអាវុធហត្ថជាតិ និងសហការជាមួយគណៈបញ្ជាការខេត្តរតនគិរី មានកម្លាំងអាវុធហត្ថខេត្ត កម្លាំងស្នងការនគរបាលខេត្ត នគរបាលវរៈការពារព្រំដែន មន្ត្រីឧទ្យានុរក្ស មន្រីរដ្ឋបាលព្រៃឈើ ដែលមានកម្លាំងសរុបជាង២០០នាក់ ចុះបេសកកម្មស្រាវជ្រាវ និងរុករកយ៉ាងក្តៅគគុករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២ មករា ដល់ថ្ងៃ១៦មករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅក្នុងតំបន់ឧទ្យានជាតិវិរៈជ័យ (តំបន់កន្ទុយនាគ) ដោយរកឃើញឈើចាស់ខុសច្បាប់សរុបចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប។
ប៉ុន្តែដល់ពេលនេះ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានដកកងកម្លាំងចេញពីតំបន់កន្ទុយនាគអស់ទៅហើយ ឯចំណាត់ការផ្លូវច្បាប់យ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ គឺហាក់ដូចបិទបាំងព័ត៌មាន ដោយយោងថា មន្ត្រីរដ្ឋបាលព្រៃឈើវាយតម្លៃថាឈើទាំងអស់ដែលបានរកឃើញ ជាឈើចាស់ ខូចគុណភាព តែបើតាមកម្លាំងដែលចុះផ្ទាល់ថា មិនដូចការវាយតម្លៃរបស់មន្រ្តីរដ្ឋបាលព្រៃឈើនោះទេ គឺឈើនូវមានគុណភាពល្អនៅឡើយ បើខូចក៏ខូចតិចតួច ដោយយោងទៅលើមានដានពុះច្រៀកឈើទាំងនោះថ្មីៗ ពីសំណាក់ជនខិលខូច ក្នុងទីតាំងគំនរឈើ ពោលគឺឈើទាំងនោះនៅមានគុណភាពល្អច្រើន។
ម្យ៉ាងទៀត គ្រាន់តែកម្លាំងចម្រុះផ្តើមចេញ ដំណើរពីស្រុកអណ្តូងមាសភ្លាម ជនជាតិវៀតណាមរាប់សិបដែលសម្ងំយាមគំនរឈើ ធ្វើអាជីវកម្មរ៉ែមាស ដាក់អន្ទាក់ចាប់សត្វ ក្នុងតំបន់កន្ទុយនាគ បាននាំគ្នារើអីវ៉ាន់ចាកចេញទៅប្រទេសវៀណាម ភ្លាមៗដែរ ដែលមិនខុសអីពីខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃដឹងមុន ឬអាចហៅម៉្យាងទៀតថា កម្លាំងចម្រុះដែលចុះបំពេញបេសកកម្មនេះ ប្រៀបដូចទៅដេញចាបមានម្ចាស់ កំពុងសម្ងំស៊ីស្រូវនោះទេ ។
សកម្មជនព្រៃឈើលើកឡើងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា គួរតែចាត់ វិធានការផ្លូវច្បាប់ ដោយបើកស្រាវជ្រាវរកមុខអ្នកពាក់ព័ន្ធដែលបានគប់គិត ផ្សំគំនិត បើកដៃឲ្យមានការកាប់បំផ្លាញព្រៃឧទ្យានជាតិវិរៈជ័យ ទ្រង់ទ្រាយធំបែបនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ មិនគួរជឿតែលើរបាយការណ៍ភូតកុហករបស់មន្ត្រីខិលខូចមួយចំនួននោះទេ ។ ជាពិសេសគឺដើម្បីលើកកម្ពស់កិត្យានុភាព របស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដូចបានធ្វើនាពេលកន្លងមក ដើម្បីរក្សាប្រយោជន៍ជូនជាតិមាតុភូមិ និងមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្តរជាតិ៕