ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្វីខ្លះជាចំណុចប្រឈម​ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ?

123

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមខ្លួនស្ទើរតែ១០ឆ្នាំហើយដើម្បីទទួលធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)នាឆ្នាំ២០២៣តែមកទល់ពេលនេះសហព័ន្ធខ្លះហាក់ដូចជានៅតែមិនទាន់រៀបចំខ្លួន​នៅឡើយ ។

ជាទូទៅសហព័ន្ធកីឡាបាល់ទាត់បានត្រៀមខ្លួនល្អជាងគេគឺទាំងកីឡាករ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល សហព័ន្ធកីឡាហែល​ទឹកវាយសីក៏បានប្រុងប្រៀបខ្លួនដែរ ចំពោះសហព័ន្ធអត្តពលកម្មដែលមានជាង៤០វិញ្ញាសានោះទោះបីគុណផលរបស់កីឡាករ  កីឡាការិនី​បង្ហាសញពីការរីកចម្រើនជាងមុនក៏ពិតមែនតែក្នុងចំណោមវិញ្ញាសាជាង៤០នោះកម្ពុជាលេងបានមិនដល់១០វិញ្ញាសាផងទេ ។

អត្តពលកម្មជាវិញ្ញាសាដែលមានមេដាយច្រើនជាងគេតែកម្ពុជាលេង បានត្រឹមតែវិញ្ញាសារត់ លោត គប់ ចោល និង វិញ្ញាសាខ្លះ​ទៀតប៉ុណ្ណោះ ។ដូច្នេះសម្រាសប់ប្រភេទកីឡាអត្តពលកម្មកម្ពុជាខ្វះខាតទាំងទីលានសម្រាប់ប្រកួត សម្ភារៈសម្រាប់ប្រកួតដែលបញ្ហាទាំង​នេះកម្ពុជាត្រូវតែដោះស្រាយដោយបន្ទាន់តែម្ដង ។

ប្រមុខកីឡាអត្តពលកម្មកម្ពុជាលោកអ៊ុក សិទ្ធិជាតិទទួលស្គាល់ថាអត្តពលកម្មកម្ពុជាពិតជានៅសល់វិញ្ញាសាច្រើនដែលមិនទាន់​បានលេង ។លោកបញ្ជាក់ថាកីឡាករ កីឡាការិនីភាគច្រើនគេមិនចង់លេងវិញ្ញាសាដែលលំបាកលេង ឬ ពុំសូវមានគេលេងច្រើននៅក្នុង​ប្រទេស ទោះបីវិញ្ញាសានោះនៅក្រៅប្រទេសមានគេលេងច្រើនក៏ពិតមែន ។

វិញ្ញាសាជាច្រើនមិនមានអ្នកលេងដោយសារតែគ្មានសម្ភារៈហ្វឹកហាត់ ឬ សម្ភារៈសម្រាប់ប្រកួតបើមានក៏សម្ភារៈនោះមិនត្រឹម​ត្រូវតាមស្ដង់ដារដែរ  ។សម្រាប់ប្រភេទកីឡាហែលទឹកទោះបីកន្លងមកនៅមិនទាន់ដណ្ដើមបានមេដាយក៏ពិតមែនតែប្រភេទកីឡានេះមាន​ហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជានៅពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានមរតកតេជោ មជ្ឈហែលទឹកតេជោសែនខេត្តកំពង់ចាម ហាងហែលទឹក​ស្រុកកោះធំដែលទើបតែបញ្ចប់ការសាងសង់ មជ្ឈហែលទឹកខេត្តបាត់ដំបងដែលកំពុងតែសាងសង់ ។

ចំពោះប្រភេទកីឡាបាល់ទាត់គឺមានសាលាបាល់ទាត់បាទី ការប្ដេជ្ញាចិត្តរបស់លោកនាយឧត្តមសេនីយ៍សៅ សុខាក្នុងការធ្វើទី​លានឲ្យបានគ្រប់ទាំង២៥រាជធានី ខេត្តដែលមកទល់ពេលនេះលោកកំពុងតែឈរនៅលើផ្លូវជោគជ័យដូចការប្ដេជ្ញាចិត្តរបស់លោក ។កីឡា​វាយសីក៏មានទីលានអាចប្រកួតបាន ប៉េតង់ និងប្រភេទកីឡាក្នុងសាលមួយចំនួនធំមិនសូវជាខ្វាយខ្វល់ពីទីលាននោះទេ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលស្គាល់ថាធនធានមនុស្សពិតជាបញ្ហាខ្វាយខ្វល់មែនសហព័ន្ធមួយចំនួនធ្វើអ្វីៗហាក់មិន​ បានពេញដៃពេញជើង ។សហព័ន្ធខ្លះមិនបានបង្កើតឪ្យមានការប​្រកួតណាផ្សេងក្រៅពីការប្រកួត ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ៕

 

អត្ថបទដែលជាប់ទាក់ទង