គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រជុំបន្ទាន់ជុំវិញផែនការបិទចរាចរណ៍ ចេញពីរាជធានីភ្នំពេញ ទៅតាមខេត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ COVID-19
ភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រលប់ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាបន្ទាន់ មួយជាមួយ អាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី ដើម្បីត្រៀមរៀបចំផែនការនៃការបិទចរាចរណ៍ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត–ក្រុង ស្រុកនានា ឆ្លើយតបទៅនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចូលរួមការរីករាលដាល COVID-19។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ដាក់បទបញ្ជាអោយអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី ត្រូវអនុវត្តការងារអោយបានជោគជ័យគឺមិនអនុញ្ញាតិអោយមានការធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញឡើយចំពោះរថយន្តដឹកអ្នកដំណើររាប់ទាំងរឺម៉កកង់បី ដែលមាន អ្នកជិះចាប់ពី៤នាក់ឡើងទៅ គឺអាចធ្វើចរាចរណ៍បានម៉ូតូ។ចំពោះការផឹកស៊ីបង្កភាពអនាធិបតេយ្យក៏ត្រូវហាមឃាត់ផងដែរ ហើយការងារនេះត្រូវចាមផ្តើមអនុវត្តនៅម៉ោង២៤និង០០នាទីយប់នេះតទៅរហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀតរហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីម៉ោង២៤និង០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០។
គួរបញ្ជាក់បន្ថែមថា បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ–ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការហាមឃាត់នេះត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់
យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ។រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ–សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ៕