ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ២៥ហិកតាក្នុងស្រុកក្រគរ គ្រោងចំណាយថវិការាបរយលានដុល្លារ

86

 

ពោធិ៍សាត់៖ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកអគ្គិសនីកម្ពុជា។
បើតាមកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាល ពីម្សិលមិញ ខែឧសភា ឆ្នាំ២០២០នៅសាលវីដេអូConference សាលាខេត្តពោធិ៍សាត់នៅពេលនោះ លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរមរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជាផងដែរ។
ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពគាំទ្រ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។
ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា គម្រោងពហុកីឡដ្ឋាននេះ អាចនឹងសាងសង់នៅលើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង(៨ទៅ១០ម៉ែត្រ),វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល។
បច្ចុប្បន្នរដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះមូលដ្ឋានស្រុកក្រគរ មន្ទីរជំនាញ និងផ្នែកឯកជន កំពុងសហការគ្នាអនុវត្តគម្រោងនេះ ដោយបានឈូសឆាយ ចាក់ដីបានមួយផ្នែកខ្លះៗហើយ៕ ស.រ.ត

អត្ថបទដែលជាប់ទាក់ទង