ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេច​ ទៀ បាញ់ ក្រើន​រំ​ឮ​ក​អតីតយុទ្ធជន បន្ត​ប្រកាន់​វីរភាព​ដ៏​អង់អាច​ក្លាហាន​ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​

130

 

(​កណ្តាល​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ក្រើន​រំ​ឮ​ក​ដល់​អតីត​យុទ្ធ​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វីរភាព​អង់អាច​ក្លាហាន ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​មាតុភូមិ​។​

​ការ​ក្រើន​រំ​ឮ​ក​បែបនេះ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ សមាគម​អតីតយុទ្ធជន​កម្ពុជា ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​បងប្អូន​អតីត​យុទ្ធ​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វីរភាព​អង់អាច​ក្លាហាន ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ មាតុភូមិ បើទោះបី​បច្ចុប្បន្ននេះ បងប្អូន​បានក្លាយ​ជា​អតីតយុទ្ធជន ក៏ត្រូវ​បន្ត​រក្សា​ស្មារតី​វីរភាព ជា​ប្រពៃណី​ថ្លៃថ្លា​នេះ ឱ្យបាន​ខ្ជាប់​ខ្ជូ​ន ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​ត្រូវ​បន្តវេន​នៅក្នុង​សង្គមជាតិ​»​។​

​ក្នុងឱកាស​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា ដើម្បីឱ្យ​ស័ក្តិ​សមជា​អតីតយុទ្ធជន​អង់អាច​ក្លាហាន​សម្រាប់​ជាតិ ទាមទារ​ឱ្យ​អតីត​យុទ្ធ​ត្រូវ​បន្ត ចូលរួម​អនុវត្ត​ចលនា​ប្រឡងប្រណាំង​ពូកែ​បី របស់​អតីតយុទ្ធជន​រួមមាន​ទី​១៖ ការធ្វើ​សេដ្ឋកិច្ច​គ្រួសារ​ពូកែ​, ទី​២៖ ការជួយ​គ្នា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ពូកែ និង​ទី​៣៖ ការអភិវឌ្ឍ​សមាគម និង​សង្គមជាតិ​ពូកែ​នៅ​គ្រប់​ថ្នាក់ ធ្វើឱ្យ​ក្លាយជា​អតីតយុទ្ធជន​ដែលមាន​ស្នាដៃ​លេចធ្លោ ទទួលបាន​ការលើកសរសើ​រ និង​ផ្សព្វផ្សាយ​ជូន​រង្វាន់​ជា​គំរូ តាម​គោលការណ៍​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​ដោយឡែក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានឱ្យដឹងថា សម្រាប់​ពិធី​ប្រកាស​ទទួលស្គាល់​អនុប្រធាន អគ្គលេខាធិការរង​សមាជិក​គណៈកម្មាធិការ​កណ្តាល សមាជិក​គណៈអចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា​នៅថ្ងៃនេះ គឺជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ស្តែង​បញ្ជាក់​ពី​ការគិតគូរ​យកចិត្តទុកដាក់ និង​ដឹងគុណ​ជានិច្ច​ចំពោះ​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់​។​

​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ការពារជាតិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើតបានជា​សមិទ្ធផល ស្នាដៃ និង​វ​ឌ្ឍ​ភាព​ការងារ​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្រេចបាន​ក្នុង​រយៈកាល​៥​ឆ្នាំកន្លងមក​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានឱ្យដឹងថា រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ធំធេង​របស់​អតីតយុទ្ធជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​គិតគូរ​សាងសង់​ផ្ទះ​ចំនួន ២,៤៦០​ខ្នង​។ បើ​ប្រៀបធៀប​ការសាងសង់​ផ្ទះ ជូន​អតីតយុទ្ធជន​ទូទាំងប្រទេស ទៅនឹង​ស្ថិតិ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​អតីតយុទ្ធជន ក្នុង​ឆ្នាំ​២០១៦ ដែល​បាន​រកឃើញ​អតីតយុទ្ធជន​សរុប​ចំនួន ៦,១១៤​គ្រួសារ (​មាន​ដី​គ្មាន​ផ្ទះ ឬ​មានផ្ទះ​ស្នាក់នៅ​មិន​សមរម្យ គ្មាន​ដី គ្មាន​ផ្ទះ និង​រស់នៅ​លើដី​សាធារណៈ​) គឺ​នៅសល់​ចំនួន ៣,៦៥៤​គ្រួសារ​ទៀត ដែល​ត្រូវ​បន្ត​សាងសង់ និង​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ជូន​បន្តទៀត​។​

​ជាមួយគ្នានេះដែរ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បន្តថា សមាគម​អតីតយុទ្ធជន​កម្ពុជា បានប្រគល់​ថវិកា​បេឡា​មរណ​សង្គ្រោះ ជូន​គ្រួសារ​សព​សមាជិក ស​.​អ​.​ក តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​៩,៧៩៣​សព ក្នុងនោះ​ថវិកា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​បំពេញបន្ថែម សម្រាប់​ផ្តល់ជូន​គ្រួសារ​សមាជិក​ចំនួន ៣,១២៧​សព និង​បំពេញ​ថវិកា​បន្ថែម ៣,៥០០​រៀល ជូន​សមាជិក​ជា​គ្រួសារ​ជន​ពលី មរណៈ​រយៈ​២៥​ខែ (​គិត​ត្រឹម​ការផ្ទេរ​ថវិកា​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០) សរុបថ​វិកា ២​ពាន់​លាន​រៀល​។​

​ដោយឡែក លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជាក់ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ សមាគម​អតីតយុទ្ធជន​កម្ពុជា មាន​សមាជិក ៧៦,៩២៣​នាក់ ដែលមាន​នៅក្នុង​បន្ទុក​ប្រមាណ ១០៨,៨៧១​នាក់ កំពុង​ទទួល​របប​ឧបត្ថម្ភ​គោលនយោបាយ​ពីរ​ដ្ឋ​ជា​រៀងរាល់ខែ ក្នុងនោះ​៖ មាន​និវត្តជន ចំនួន ២៦,៨៩២​នាក់​, ជន​បាត់បង់​សមត្ថភាព​ការងារ ចំនួន ១,៤៤៤​នាក់ និង​ជនពិការ ចំនួន ២៦,៤៤៩​នាក់​៕

អត្ថបទដែលជាប់ទាក់ទង