ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបើកទៅបុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហើយបើករត់បាត់

54

ភ្នំពេញ ៖ បុរសបានស្លាប់បាត់បង់ជីវិតម្នាក់ រីឯ ម្នាក់ទៀតយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តមិនចាំម៉ាក បើកមកបុកពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូឡើងចិញ្ចើមផ្លូវ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្ពានអាកាសប្រាំមករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពដែលស្លាប់ និងនាក់រងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស់២ នាក់ជិះម៉ូតូ ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១១ ដែលពាក់ ភ្នំពេញ 1-CS 5421 ជិះឌុបគ្នាពីរនាក់ធ្វើដំណើរក្នុងទិសដៅពី លិចទៅកើតក្នុងល្បឿនធម្មតា ហើយស្រាប់តែគេបានឃើញរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកក្នុងល្បឿនលឿន
បានទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូប៉ើង ខ្ទាតទៅខាងប្រមាណ ជាង ១០ម៉ែត្រ
បណ្ដាលស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចបានទាក់ទងទៅខាងជំនាញខណ្ឌ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក រួចធ្វើកំណត់ហេតុ ដើម្បីប្រគល់សពឲ្យទៅរថយន្តសាម៉ុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ហើយសមត្ថកិច្ចចុះឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីស្រាវជ្រាវរករថយន្ត និងម្ចាស់ ដែលបង្កហេតុយកមកចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ សា មេត

អត្ថបទដែលជាប់ទាក់ទង