ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ÷ការងារគ្រប់គ្រងក្នុងសហព័ន្ធមួយ ចំនួនមិនទាន់បាន សមស្របជាអគ្គលេខាធិការផង និងជាគ្រូបង្វឹកផង កាន់តួនាទីជាប្រធានសហព័ន្ធច្រើន ហើយនៅមានលក្ខណៈគ្រូសារនិយមច្រើន រួមទាំងការជ្រើសរើសកីឡាករផង

83

នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ដូច្នេះការទទួលខុសត្រូវលើការងារបច្ចេកទេស គឺជាភារកិច្ចទទួល ខុសត្រូវរបស់សហព័ន្ធកីឡាជាតិដោយផ្ទាល់ ដោយក្រសួងបានធ្វើប្រតិភូកម្មអំ ណាចគ្រប់គ្រងកីឡាតាមជំនាញកីឡានីមួយៗនេះ ជូនទៅសហព័ន្ធកីឡាជាតិរួច ហើយ។ ដោយសហព័ន្ធកីឡាជាតិទាំង អស់ អាចធ្វើការដោយឯករាជ្យមានស្វ័យ ភាពគ្រប់គ្រាន់ក្នុងកិច្ចការងារចាត់ចែងការងាររបស់ខ្លួន ។ ក្រសួងអប់រំ យុវជននិងកីឡា មិនគ្រប់គ្រងលើការងារបច្ចេក ទេសទាំងអស់នោះទេ ហើយក្រសួងអប់រំ យុវជននិងកីឡា ក៏នៅជាមួយនឹងសហ ព័ន្ធជានិច្ច ដើម្បីគោរពតួនាទីជាអាណា ព្យាបាលរបស់ខ្លួន លើសហព័ន្ធកីឡាជាតិទាំងអស់ ការរួមគ្នានេះមិនអាចខ្វះបានឡើយ ។ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងវិស័យកីឡាអប់រំកាយនិងកីឡា បានបញ្ជាក់បែបនេះ នៅក្នុងឱកាសបិទសិក្ខាសាលាពិនិត្យលើធាតុចូលនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំកាយនិងកីឡានៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០នេះ ។
លោក ស សុខា បានបញ្ជាក់ទៀតថា ដោយឈរលើមូលដ្ឋានទាំងអស់នេះហើយដែលក្រសួងអប់រំ យុវជន និងកីឡា មានការបារម្ភចំពោះសហព័ន្ធកីឡាជាតិមួយចំនួនធំ មិនទាន់បង្ហាញអំពីផែនការយុទ្ធសាស្ត្រជាក់លាក់និងមានសក្ដានុពលឆ្ពោះទៅរកការយកមេដាយនៅឆ្នាំ២០២៣ឱ្យបានច្បាស់លាស់នៅឡើយ ។ ទន្ទឹមនេះ ការងារគ្រប់គ្រងក្នុងសហព័ន្ធមួយចំនួន មិនទាន់បានសមស្របការចាត់គ្រូបង្វឹកថ្នាក់ជាតិនិងតួនាទីសំខាន់ក្នុងកម្រិតថ្នាក់ដឹកនាំសហព័ន្ធមិនទាន់ដាច់ស្រឡះជាមួយគ្នានៅឡើយ ដូចជាអ្នកខ្លះ ជាអគ្គលេខាធិការផង និងជាគ្រូបង្វឹកផង។ មានបុគ្គលខ្លះកាន់តួនាទីជាប្រធានសហព័ន្ធច្រើន ហើយមានសហព័ន្ធខ្លះទៀត នៅមានលក្ខណៈគ្រូសារនិយមច្រើននៅឡើយរួមទាំងការជ្រើសរើសកីឡាករផងដែរ។ សហព័ន្ធកីឡាជាតិមួយចំនួនអនុវត្តការងារគ្រប់គ្រងថវិការបស់រដ្ឋប្រគល់ជូនមិនទាន់មានតម្លាភាព ការងារធ្វើរបាយការណ៍មកអង្គភាពជំនាញនិងក្រសួងអប់រំ យុវជននិងកីឡា មិនទាន់ពេលវេលា។ សហព័ន្ធកីឡាជាតិខ្លះពេលដែលក្រសួងអប់រំ យុវជន និងកីឡាបណ្តឹងខ្លាំងរត់ទៅខាងគណៈកម្មាធិការជាតិអូឡាំពិកហើយពេលខ្លះទៀតនៅពេលគណៈកម្មាធិការជាតិអូឡាំពិករឹតត្បិតខ្លាំង រត់មកក្រសួងអប់រំយុវជន និងកីឡា ។ សហព័ន្ធមិនគួរធ្វើយ៉ាងនេះទេ គួររក្សាស្វ័យភាព និងឯករាជភាពរបស់ខ្លួនអនុវត្តតាមសិទ្ធិអំណាចដែលក្រសួងអប់រំ យុវជន និងកីឡាបានធ្វើប្រតិភូកម្មជូននិងស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលជាសមាជិកគណៈកម្មាធិជាតិអូឡាំពិកផងនោះ ។
លោក ស សុខា បានមានប្រសាសន៍ឲ្យដឹងដែរថា ពេលដែលច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនោះ រចនាសម្ព័ន្ធចាត់តាំងមួយចំនួនត្រូវបានបង្កើតថ្មី ហើយរចនាសម្ព័ន្ធចាត់តាំងមួយចំនួនទៀត ត្រូវបានសម្រួលកែល្អជាថ្មី។ លោកបន្តថា ការងារគ្រប់គ្រងវិស័យអប់រំកាយនិងកីឡារបស់យើងកាន់តែមានលក្ខណៈត្រឹមត្រូវ និងខិតទៅកាន់តែជិតទៅនឹងនិយាមនៃស្តង់ដារអន្តរជាតិ។វិស័យអប់រំកាយនិងកីឡានៅកម្ពុជាកាន់តែបានដើរតួនាទីយ៉ាងសំខាន់ជាបេសកកម្មក្នុងការបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពជាក់ជាមិនខាន។ លោកបន្តថា ច្បាប់នេះនឹងក្លាយជាប្រទីបមួយជួយរួមចំណែកបំភ្លឺផ្លូវបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជាយើងនាឆ្នាំ២០២៣ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងដែលជាលើកទីមួយរបស់កម្ពុជាយើងយ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង