ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថោង ខុននិយាយអ្វីខ្លះក្នុងពិធីរាប់ថយ ក្រោយ១.០០០ថ្ងៃសម្រាប់ស៊ីហ្គេមនៅកម្ពុជា

83

 

ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កន្លងមកថ្នាក់ដឹកនាំ CAMSOC បានខិតខំជាខ្លាំង ដើម្បីអនុវត្តផែនការមេ ផែនទីបង្ហាញផ្លូវការដោយរួមផ្សំបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ធំៗជាច្រើនដើម្បីបង្កើនថាមពលឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ។លោកបានបន្តថា Logo និង Mascot ក៏ត្រូវបានថ្នាក់ដឹកនាំធ្វើការប្រជុំវាយតម្លៃជាច្រើនលើកផងដែរ មុនធ្វើការសម្រេច ។
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសជាផ្លូវការជយលាភីស្លាកសញ្ញា(Logo)និងរូបសត្វតំណាង(Mascot)សម្រាប់ប្រើផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣និងពិធីរាប់ថយក្រោយ ១០០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី០៧ ខែសីហាឆ្នាំ២០២០នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកបានបញ្ជាក់ថា Logo,Mascot និងបាវចនា(Motto) របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានឆ្លងកាត់កិច្ចប្រជុំវាយតម្លៃជាច្រើនលើក រហូតដល់ថ្ងៃទី ០២ ខែកក្កដា ទើបសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចជ្រើសរើសស្នាដៃចុង ក្រោយរបស់បេក្ខជនម្នាក់ និងបេក្ខនារីម្នាក់ ព្រមទាំងសម្រេចជ្រើសរើសបាវចនា “កីឡារត់ក្នុងសន្ដិភាព – SPORT LIVE IN PEACE” ដើម្បីគោរពជូនសម្ដេចតេ ជោនាយករដ្ឋមន្ដ្រី ធ្វើការពិនិត្យ និងសម្រេចចុងក្រោយ ហើយសម្ដេចតេជោ បានសម្រេចផ្លូវការ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
អនុប្រធានអចិន្រ្តៃយ៍CAMSOCបានបន្ថែមថា«ឥឡូវនេះយើងនៅសល់ពេល១០០០ថ្ងៃទៀតប៉ុណ្ណោះក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។ រយៈពេល ១០០០ថ្ងៃ ជាពេលវេលាដ៏សំខាន់ក្នុងយុទ្ធនាការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុងការយោគយល់គ្នា និងភាពចុះសម្រុងប្រទាក់ក្រឡារវាងគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ដោយជម្នះរាល់ឧបសគ្គរាំងស្ទះ ដល់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»៕

 

អត្ថបទដែលជាប់ទាក់ទង