ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមឈានចូលកម្រិតអន្តរជាតិ

78

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០បានបើកវគ្គស្តីពីការបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិត្រៀមបញ្ជូនអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដោយមានសិក្ខាកាមចំនួន៩នាក់កម្រិតខ្សែក្រវាត់ ៤ដាន់ឡើង (4Dan)អញ្ជើញចូលរួមពិធីលោក ជ្រិន សុធា អនុប្រធានតំណាងឲ្យលោក ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ។
លោក ជ្រិន សុធាបានមានប្រសាសន៍ថា ស្របតាមផែនការរបស់ខេមរសហព័ន្ធតេក្វាន់ដូ លិខិតលេខៈ០៧២/២០ខសត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បង្កើតគណៈកម្មការទទួលខុសត្រូវរួម និងអនុគណៈកម្មការផ្សេងៗតាមការចាំបាច់ ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ យើងបង្កើតអនុគណៈកម្មការអាជ្ញាកណ្តាល-ចៅក្រម ទទួលខុសត្រូវដោយលោក សំ សុខយីជា ប្រធាន និងលោក ឃឹម សត្ថា អនុប្រធាន និងតាមស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កំណត់បានការងារជាអថិភាព គឺរៀបចំផែនការ កំណត់ចំនួនសិក្ខាកាម និងរៀបចំកម្មវិធីដំណើរការវគ្គបំប៉ន។
លោកគ្រូ ឆយ យ៉ុងសុក(CHOI YONG SOK) បានប្រាប់ឲ្យដឹងថា កម្មវិធីវគ្គស្តីពីការបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ចាប់ផ្តើមនៅថ្ងៃសៅរិ៍ ទី៨ ខែសីហា ឆ្នាំ២០២០ ដោយកម្មវិធីនឹងដំណើររៀងរាល់សប្តាហ៍ទី២ នៃខែនីមួយៗ តាមកម្មវិធីគឺ ថ្ងៃទី៨ សីហា ថ្ងៃទី១២ កញ្ញា ថ្ងៃទី១០ តុលា ថ្ងៃទី១៤ វិច្ឆិកា និងថ្ងៃទី១២ ធ្នូ ឆ្នាំ២០២០។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរា ជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាត្រូវមានអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិចំនួន ៥នាក់យ៉ាងតិច ដើម្បីគ្រប់គ្រងការប្រកួតទាំងមូលបាន។ ដូច្នេះអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រម ត្រៀមសម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ផ្សព្វផ្សាយពីការជ្រើសរើសមន្រ្តីបច្ចេកទេសតេក្វាន់ដូ ដែលមានកម្រិតចាប់ពី ៣ដាន់ (KUKKIWON) ។
នៅក្នុងវគ្គដ៏មានសារៈសំខាន់នេះ អញ្ជើញចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស៖លោកគ្រូ ឆយ យ៉ុងសុក និងលោក ហែម សំណាង និងការសម្របសម្រួលដោយអនុគណៈកម្មការអាជ្ញាកណ្តាលនិងចៅក្រមផ្ទាល់លើការសិក្សាមេរៀនច្បាប់អាជ្ញាកណ្តាលអន្តរជាតិមានផ្នែកមេគុណ ផ្នែកការប្រកួតប្រយុទ្ធ និងចំណេះដឹងពីច្បាប់កីឡាជនពិការទៀតផង៕

អត្ថបទដែលជាប់ទាក់ទង