ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​ប្រកួត​ធ្វើតេស្ត​សមត្ថភាព កីឡាវាយ​កូនឃ្លី​លើ​តុ នឹង​ធ្វើ​ឡើង​បី​ដង​ក្នុង​មួយ​ឆ្នាំ

90

ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ​ធ្វើតេស្ត​សាកល្បង​បច្ចេកទេស សម្រាប់​កីឡាករ-កីឡា​កា​រិនី​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង ក្រុម​ជម្រើស​ជាតិ​ឈុត​តូច​ថ្នាល ដំណាក់កាលទី១ ដែលបានប្រព្រឹត្តធ្វើរយៈពេល២​ថ្ងៃ នៅ​ទីលាន​សាល​ដំបូល​ទូក ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៥ ខែ​សីហា ដោយ​មាន​ការ​ចូលរួម​ជា​អធិបតី​និ​ង​លើក​ទឹកចិត្ត​ដល់​ជ័យ​លាភី​ ពី​នាយ​ឧត្ដមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ។
នាយ​ឧត្ដមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា “ ក្នុង​នាម​លោក​ដឹក​នាំ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ លោក​នឹង​បន្ត​ឲ្យ​មាន​ការ​ប្រកួត​ធ្វើតេស្ត​សមត្ថភាព​បច្ចេកទេស​សម្រាប់​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ និង​ថ្នាល ឲ្យបាន៣ដងក្នុងមួយឆ្នាំ គឺ​ធ្វើ​នៅ​ត្រីមាស ឆមាស និង​ចុង​ឆ្នាំ ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ និ​ង​ថ្នាល​ ឲ្យ​កាន់​តែ​ខ្លាំង​សម្រាប់​ត្រៀម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ពិសេស​ការ​ប្រកួ​ត​កីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម និង ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០​២​៣ ដែ​ល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ” ។
បើតាមលោកោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា បាន​មានប្រ​សាសន៍​ថា នេះ​ជា​ការ​ប្រកួត​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ-កីឡា​ការិនី ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើស​ជាតិ​ឈុត​តូច​ថ្នាល ដែល​ធ្វើការ​ហ្វឹកហាត់​ប៉ុន្មាន​ខែ​កន្លង​មក បន្ទាប់​ពី​យើង​ឈប់សម្រាក​ដោយសារ​តែ​មេរោគCOVID-19  ចំពោះ​ការ​ធ្វើ​តេស្ត​នេះ​សហព័ន្ធ​ក៏​កំណត់​យក​ចំណាត់ថ្នាក់​ដែរ។
សូម​បញ្ជាក់​ថា ការប្រកួតតេស្តសាកល្បងបច្ចេកទេសដំណាក់កាលទី១ ដែល​បាន​បញ្ចប់​ទៅ​នេះ មាន​កីឡាករ​ក្រុមជម្រើសជាតិ ឈុតធំចំនួន៦នាក់ ក្រុមជម្រើសជាតិយុវជនចំនួន៧នាក់ និង កីឡាការិនីថ្នាលចំនួន៦នាក់ ដោយ​ធ្វើការ​ប្រកួត​រូបមន្ត​ដូចគ្នា ។
លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ត​នេះ គណៈកម្មការ​សហព័ន្ធ​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​សមត្ថភាព​របស់​អត្តពលិក​នីមួយៗ​មាន​កម្រិត​ណា ​ដែល​ត្រូវ​ចូលរួម​ប្រកួត​យក​មេដាយ​លើ​ឆាកអន្តរជាតិ​ ៕

អត្ថបទដែលជាប់ទាក់ទង