ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ី​ហ្គេម​នៅ​កម្ពុជា គឺជា​ស៊ី​ហ្គេម​ដែល​ស្អាត​បំផុត ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​

86

​ ​ភ្នំពេញ​៖ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​នេះ​ជា​លើកដំបូង​
ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ថា​នៈ​ជា​ស្ថាបនិក​មួយរូប​កាលពី​ឆ្នាំ​១៩៥៩ ។​
​ ​
​ឆ្នាំ​១៩៥៩ ព្រឹត្តិការណ៍​នេះ គេ​ប្រសិទ្ធ​នាម​ថា ការប្រកួត​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ (South East Asian Peninsular Games) តែ​ក្រោយ​​មក​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្ដូរ​មក​ថា ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (South East Asian Games) ដែល​គេ​ហៅ​កាត់​ថា​ស៊ី​ហ្គេម (SEA Games) ។ នៅ​
​បាំង​តែ​ឆ្នាំ​២០២១ ដែល​ស៊ី​ហ្គេម​លើក​ទី​៣១ នឹងធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នោះ ឆ្នាំ​២០២៣ នឹង​ដល់​វេន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​​លើកដំបូង​ហើយ ។​
​ ​ឯកឧត្តម​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នោះ មានប្រសាសន៍ថា កម្ពុជា​ត្រៀម​កីឡា​ជាង​៣០​ប្រភេទ ដើម្បី​ដាក់​ឲ្យ​ប្រកួត​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​
​ ​
​ឯកឧត្តម​បន្តថា កម្ពុ​ជាមាន​សក្ដានុពល​លើ​ប្រភេទ​កីឡា​ជាច្រើន ដូចជា​ប៉េតង់ ចំបាប់ វូ​ស៊ូ វ៉ូ​វី​ណា​ម តេ​ក្វាន់​ដូ សូ​ហ្វ​តិ​ន្នី​ស វាយ​កូន​បាល់ វាយ​សី និង​ប្រភេទ​កីឡា​ជា​ទៀត​។ មិនតែប៉ុណ្ណោះ​ប្រភេទ​កីឡា​មួយចំនួន ដែល​កន្លងមក ពុំ​ធ្លាប់​ប្រជែង​បាន​មេដាយ​នោះ ក៏​កំពុងតែ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស ក្នុង​តំបន់​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ ។​
​ ​ប្រភេទ​កីឡាបាល់ទាត់​ពេលនេះ ក៏​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ ពិសេស​កីឡាករ​វ័យក្មេងៗ ដែល​បណ្ដុះបណ្ដាល​ចេញពី​សាលា​​បាល់ទាត់​ជាតិ​បាទី ។ បាល់ទះ បាល់បោះ កំពុងតែ​បង្ហាញ​ពី​ភាពខ្លាំង និង​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ពី​មួយខែ​ទៅមួយ​ខែ ព្រមទាំង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ។​
​ ​
​ឯកឧត្តម​វ៉ា​ត់ ចំរើន ក៏បាន​បង្ហាញ​ពី​គម្រោង​ដាក់​បន្ថែម នូវ​ប្រភេទ​កីឡា​ប្រពៃណី​មួយចំនួន​បន្ថែមទៀត ដូចជា​ល្បុក្កតោ និង អុកចត្រង្គ ។
​ឯកឧត្តម បានបង្ហាញ​ឲ្យ​ដឹងថា កាល​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០២៩ ប្រទេស​ហ្វីលីពីន បានដាក់​កីឡា​ប្រពៃណី​​របស់គេ​ម្យ៉ាង ដែលជា​ប្រភេទ​កីឡា​ប្រយុទ្ធ គឺ​កីឡា​អារ​នី​ស​(Arnish) ។ កីឡា​នេះ មាន​របៀប​ប្រកួត​ប្រហាក់ប្រហែល​នឹង​ល្បុក្កតោ​របស់​កម្ពុជា​​ដែរ ដែល​កាលនោះ​កម្ពុជា ប្រជែង​បាន​មេដាយមាស​មួយគ្រឿង ។​
​ ​
​ដោយឡែក​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិ​​ន្ត្រៃ​យ៍​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc) បាន​អះអាងថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺជា​ការប្រកួត​ដែល​ស្អាតស្អំ​បំផុត ។​
​ ​កម្ពុជា​នឹងធ្វើ​ជា​គំរូ​គេ​នៅក្នុង​រឿងនេះ ព្រោះ​ការប្រកួត​កន្លងមក ប្រទេស​ដែលជា​ម្ចាស់ផ្ទះ តែងតែ​ដណ្ដើម​ប្រៀប​ក្នុងការ​ប្រជែង​យក​​មេដាយ ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ស្ទើរតែ​ក្លាយជា​វេទិកា​ចែក​មេដាយ​គ្នា​ទៅវិញ ។ ឯកឧត្តម​បញ្ជាក់ថា ការប្រកួត​ត្រួវ​តែ​ឈរលើ​គោលការណ៍​​យុត្ត​ធម៌ (Fair Play) គឺ​អ្នកខ្លាំង​នឹង​ប្រជែង​បាន​មេដាយ ឯ​អ្នកខ្សោយ​នឹង​មិនបាន​មេដាយ​ឡើយ ។​
​ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​កំពុងតែ​ជំរុញ​ក្នុង​ការបញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់ រយៈពេល​វែង​នៅក្រៅ​ប្រទេស ។ ទោះបី​ពេលនេះ ពិភពលោក​ទាំងមូល កំពុងតែ​យាយី​ដោយសារ​មេរោគ​ផ្លូវ​​ដង្ហើម​ប្រភេទ​ថ្មី​កូ​វីដ​១៩​ក៏ដោយ ក៏​កម្ពុជា​ប្ដេជ្ញា​ថា​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ការបញ្ជូន​កីឡា​ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស​នឹង​ចាប់ផ្ដើម​​ហើយ ៕
​ ​

អត្ថបទដែលជាប់ទាក់ទង