ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ខេម ឆ្លើយតបទៅម្ចាស់ផលិតកម្មថោនថា ខ្ញុំ សុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់

130

ភ្នំពេញ៖ស្របពេលដែល ម្ចាស់ ផលិតកម្ម ថោន បានកោះ អញ្ជើញតារាចម្រៀងល្បីឈ្មោះ ខេម មកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម លោក ខេម ចេញទៅច្រៀងនៅផលិតផ្សេងនោះ តារាចម្រៀង ខេម បានចេញសារមួយឆ្លើយតបបន្ទាន់ទៅម្ចាស់ផលិតកម្មថោនវិញថា មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទារអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់។

ផលិតកម្ម ថោន បានតម្រូវឲ្យលោក ខេម មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ឆ្លើយតបនឹងផលិតកម្ម town តារាចម្រៀង ខេម បានចេញសារនៅលើផេកហ្វេសប៊ុកផ្លូវការ នៅយប់(ទៀបភ្លឺ) ថ្ថៃ ទី២៥សីហានេះថា “យប់ជ្រៅហើយ”។

លោកខេម បានបញ្ជាក់ថា ” អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់ឲ្យខ្ញុំបង្ហាញភស្តតាងតាមហ្វេសប៊ុកនេះ)” ។

តារាចម្រៀងសំឡេងស្អករូបនេះបានលើកឡើងទៀតថា “ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លារ ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំបក្ខពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រឡាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រឡាញ់ពួកគេនោះក្នុងឋានៈអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសឲ្យម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន។ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងឲ្យក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រឡាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់ឲ្យគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់ឲ្យព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំឲ្យឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកឲ្យគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កម្សត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសម្រេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅឲ្យតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបម្រើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ “។

លោកថា “មែនហើយចេតនាមេពេលនេះចង់ឲ្យឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់ឲ្យគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សម្រាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលឲ្យបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះឲ្យទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ”។

” មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក” លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
បានឲ្យដឹងថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) សូមជម្រាបជូនលោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀង ប្រចាំផលិតកម្ម ទីក្រុងភាពយន្ត (ថាន) មកកាន់ផលិតកម្ម ដែលមានទីស្នាក់ការកណ្តាលដីឡូតិ៍លេខ ៣៥ ផ្លូវ១៧១១ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿង កិច្ចសន្យាជាមួយផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងបានឃើញចេញទៅច្រៀងនៅផលិតកម្មផ្សេង ដោយខ្លួនកំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

សូមជម្រាបជូនថា រាល់កិច្ចសន្យាការងាររវាង ផលិតកម្ម ទីក្រុងភាពយន្ត (ថាន) ជាមួយលោក ប៉ុន សុណាវិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ២០២០។

សេចក្តីដូចបានជម្រាបជូនខាងលើផលិតកម្ម ទីក្រុងភាពយន្ត (ថោន) តម្រូវឲ្យលោក ប៉ុន សុណារិន ហៅ ខេម មកដោះស្រាយជាមួយផលិតកម្មនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទីជាកំហិត។ ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក ប៉ុន សុណាវិន ហៅ ខេម ក្នុងការបំពេញកាតព្វកិច្ចសន្យាការងារ និងការគោរពតាមបទបញ្ជាផ្ទៃក្នុងផលិតកម្មឲ្យបានភ្ជាប់ជួន។
គួរបញ្ជាក់ថា តារាចម្រៀង ខេម បានចុះកុងត្រាច្រៀង នៅផលិតកម្មថោន ជាង ១០ឆ្នាំ ហើយមួយរយៈចុងក្រោយនេះលោក បានទៅធ្វើជាតារាចម្រៀងនៅផលិតកម្ម Galaxy Navatra ដោយចេញ បទចម្រៀងជាច្រើនបទ៕

អត្ថបទដែលជាប់ទាក់ទង