ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ របស់​ថៃ បាន​ផ្លាស់ប្តូរ​ផ្ទាំង​ឃោសនា​កុន​ភាគ ដកចេញ​នូវ​រូប​ប្រាសាទអង្គរវត្ត ហើយ​បាន​សូមទោស​ប្រជាជន​កម្ពុជា ចំពោះ​កំហុសឆ្គង​ដ៏​រសើប​

148

 

​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ប្រតិកម្ម​យ៉ាងខ្លាំង​តាម​កម្មវិធី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​កុន​ភាគ​ថៃ​មួយ​មាន​ចំណងជើង​ថា «​សន្យា​ស្នេហ៍​» ចាក់ផ្សាយ​នៅក្នុង​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ ៣ ដែល​បាន​យក​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ទៅ​ដាក់​ផ្ទៃ​ខាងក្រោយ​នៃ​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម ស្ថានទូត​បាន​ទំនាក់ទំនង​ទៅកាន់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ដើម្បី​សុំ​ការបកស្រាយ ដោយសារ​កុន​នេះ​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​ទេ​។​

​ជាការ​ឆ្លើយតប ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ របស់​ថៃ បានធ្វើការ​ផ្លាស់ប្តូរ​ផ្ទាំង​ឃោសនា​កុន​ភាគ​មួយ​នេះ ដោយបាន​ដកចេញ​នូវ​រូប​ប្រាសាទអង្គរវត្ត ហើយ​បាន​សូមទោស​ប្រជាជន​កម្ពុជា ចំពោះ​កំហុសឆ្គង​ដ៏​រសើប​នេះ​។​

​ក្រុមហ៊ុន BEC Multimedia Company Limited នៅ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ បានចេញ​លិខិត​សុំទោស​
​ជូន​ដល់​ឯកឧត្តម អ៊ុក សោភ័ណ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ដោយបាន​លើកឡើងថា ខ្ញុំ​សូម​ថ្លែងអំណរគុណ ឯកឧត្តម ដែល​បានឱ្យ​យើងខ្ញុំ​ដឹង​ពី​ការ​អាក់អន់ស្រពន់ចិត្ត​របស់​ប្រជាជន​កម្ពុជា ទាក់ទង​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​នៃ​ល្ខោន​ទូរទស្សន៍​មួយ​របស់​យើង មាន​ចំណងជើង​ថា «The Promise» ដែល​បាន​ប្រើប្រាស់​រូបភាព ប្រាសាទអង្គរវត្ត នៅលើ​ផ្ទៃ​ខាងក្រោយ (Background)​។​

​ចាក់​ត្រី​ត ឌី​រេ​ក​វ​ឌ្ឍ​នា​ឆៃ អគ្គនាយករង ផ្នែក​កិច្ចការ​សាជីវកម្ម បាន​បញ្ជាក់ថា យើងខ្ញុំ​ពិតជា​មានការ​យកចិត្ត​ទុកដាក់​ខ្លាំង​ពី​បញ្ហា​នេះ និង​បាន​ឆ្លើយតប​ភ្លាមៗ តាមរយៈ​ការ​រចនា​ផ្ទៃ​ខាងក្រោយ​ឡើងវិញ ហើយ​បាន​ដកចេញ​នូវ​រូប​អង្គរវត្ត​ពី​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​។ យើងខ្ញុំ​សូម​ជម្រាប ឯកឧត្តម​ថា នឹង​គ្មាន​រូបភាព​ប្រាសាទអង្គរវត្ត លេចឡើង​នៅលើ​សម្ភារ​ផ្សព្វផ្សាយ​នៃ​រឿង “The Promise” តទៅទៀត​ឡើយ​។ ក្រៅពីនេះ សាច់រឿង​នៃ “The Promise – ក៏​ពុំមាន​ទាក់ទង​អ្វី​ទៅនឹង​ប្រាសាទអង្គរវត្ត​ដែរ​។ សូម ឯកឧត្តម និង​ប្រជាជន​កម្ពុជា មេត្តា​ទទួលយក​ការសុំ​ទោស ពី​យើងខ្ញុំ ចំពោះ​កំហុសឆ្គង​ដ៏​រសើប​នេះ​។ យើងខ្ញុំ គ្មាន​បំណង​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត ក្នុងន័យ​ទុច្ចរិត​ណាមួយ​ឡើយ​។ ដូច្នេះ យើងខ្ញុំ​នឹង​បន្តធ្វើ​ការ​ដោយ ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដែល​កើតឡើង​នាពេល​អនាគត ដែលនាំឱ្យ​ខូ​ត​ខាត​ទំនាក់ទំនង​ប្រទេស យើង​ទាំងពីរ​៕

អត្ថបទដែលជាប់ទាក់ទង